មន្ត្រីកសិកម្មឃុំទាំងអស់ត្រូវយកចិត្តទុកដាក់ តាមដានជាប្រចាំ នូវសភាពការណ៍នានា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--
មន្ត្រីកសិកម្មឃុំទាំងអស់ត្រូវយកចិត្តទុកដាក់ តាមដានជាប្រចាំនូវសភាពការណ៍នានា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ រួមមាន ទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺសត្វ សត្វល្អិតបំផ្លាញដំណាំ និងតម្លៃកសិផល។ ត្រូវរាយការណ៍ព័ត៌មានអំពី បញ្ហាប្រឈម និងការចងក្រងទិន្នន័យកសិកម្ម ឱ្យបានត្រឹមត្រូវនិងជាក់លាក់ទាន់ពេលវេលា ដើម្បីទទួលបានអន្តរាគមន៍ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ « នេះជាសារៈសំខាន់នៃការ រាយការណ៍»។

នេះជាប្រសាសន៍របស់ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីកសិកម្មឃុំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

វគ្គបណ្ដុះបណ្ដាលរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព ដល់មន្ត្រីកសិកម្មឃុំលើការងារ សំខាន់ៗដូចជា ការត្រៀមបង្ការ និងតាមដាន គ្រោះមហន្តរាយ ការប្រមូលទិន្នន័យ និងរាយការណ៍ អំពីគ្រោះមហន្តរាយក្នុងឃុំគោលដៅ ការកសាងសមត្ថភាពគាំទ្រកសិករ ក្នុងការត្រៀមបង្ការ និងបន្ធូរបន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ខេត្តកណ្តាល គឺជាខេត្តទី៥ហើយ ដែលមន្ត្រីកសិកម្មឃុំទទួលបានវគ្គបណ្ដុះបណ្ដាលនេះ ក្នុងចំណោមខេត្តទាំង២៤៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





