ស្តាប់បរាភវសូត្រនឹងមានការសិក្សាឈ្វេងយល់ហើយអាចកែប្រែនូវចំណុចមិនល្អ ដែលឈានទៅរកសេចក្តីវិនាស
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--បរាភវសូត្រ គឺធម៌ដែលពន្យល់មនុស្សលោកឱ្យដើរជៀសនូវអបាយមុខទាំងពួង។ ម្យ៉ាងទៀតការចេះចាំយល់ដឹងនូវបរាភវសូត្រនេះ គឺជាមេរៀនជីវិតល្អណាស់ ព្រោះមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជីវិតរស់នៅប្រចាំថ្ងៃ ធ្វើឱ្យសង្គមគ្រួសារ សង្គមមនុស្ស មានភាពសុខសាន្ត និងសុខដុមរមនា។ លោក ធឿន វុឌ្ឍី មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានឱ្យដឹងថា អ្នកដែលបានស្តាប់បរាភវសូត្រ នឹងមានការសិក្សាឈ្វេងយល់ហើយអាចកែប្រែនូវចំណុចមិនល្អ ដែលឈានទៅរកសេចក្តីវិនាសទាំង១២កង។
លោក ធឿន វុឌ្ឍី បានពន្យល់ដោយសង្ខេបនូវ បរាភវសូត្រ ពោលគឺ សេចក្តីវិនាសទាំង១២កងនោះម្ដងមួយៗមានខ្លឹមសារជាអាទិ៍៖
១. អ្នកមិនចូលចិត្តស្តាប់ធម៌-រៀនធម៌ នឹងចាប់ផ្តើមចូលចិត្តបន្តិចម្តងៗរហូតក្លាយជាអ្នកចូលចិត្តស្តាប់ ចូលចិត្តសិក្សារៀនសូត្រ យកធម៌មកដាក់ក្នុងចិត្ត ក្លាយជាអ្នកបដិបត្តិធម៌។ ការបដិបត្តិធម៌ ឈ្មោះថា គោរពច្បាប់ក្នុងការរស់នៅ ហើយនឹងនាំឱ្យការរស់មានសេចក្តីសុខ សុភមង្គលក្នុងជីវិត។
២.អ្នកដែលសេពគប់ជនអសប្បុរស នឹងកែប្រែទម្លាប់លេងសេពគប់ជនជាអសប្បុរស ហើយចាប់ផ្តើមសេពគប់រាប់រកជនជាសប្បុរសជាបណ្តើរៗ ដែលនឹងនាំឱ្យអ្នកនោះ មានសុទ្ធតែមនុស្សល្អៗនៅជុំវិញខ្លួន។
៣.មនុស្សដែលចំណាយពេលច្រើនលើការគេង គឺបាត់បង់ពេលអភិវឌ្ឍខ្លួននិងឱកាសនៅក្នុងជីវិត។ និយាយច្រើនពេកគ្មានការគិតអាចបង្កបញ្ហានិងប៉ះពាល់ដល់កិត្តិយស។ ការខ្ជិលច្រអូសធ្វើឱ្យគ្មានភាពរីកចម្រើន និងខាតបង់ទាំងទ្រព្យសម្បត្តិព្រមទាំងឱកាសផ្សេងៗ។ ការបង្ហាញកំហឹងចំពោះអ្នកដទៃឬឆ្លើយតបដោយអារម្មណ៍ទោសៈ វាបំផ្លាញទំនាក់ទំនងល្អនិងបណ្តាលឱ្យគេមើលងាយ។ ការចេះរក្សាពាក្យសម្តី ការខិតខំប្រឹងប្រែង និងការចេះគ្រប់គ្រងអារម្មណ៍ គឺជាគន្លឺះផ្លាស់ប្តូរពីសេចក្តីវិនាសទៅជាសេចក្តីចម្រើននិងសុមង្គល។
៤. អ្នកមានទ្រព្យសម្បត្តិ តែមិនចិញ្ចឹមម្តាយឪពុកឱ្យបានល្អ ដោយបំភ្លេចឬមិនថែរក្សាម្តាយឪពុកចាស់ជរា គឺជាមនុស្សមិនមានមេត្តា និងបាត់បង់តម្លៃនៅក្នុងជីវិត។ ទោះមានទ្រព្យសម្បត្តិឬជីវភាពល្អយ៉ាងណា ក៏គ្មានន័យ ប្រសិនបើមិនគោរពថែរក្សាម្តាយឪពុកចាស់ជរាដែលបានចិញ្ចឹមបីបាច់អប់រំខ្លួន។ មនុស្សដែលមិនគោរពម្តាយឪពុក ទោះមានទ្រព្យច្រើនយ៉ាងណាក៏មិនអាចទទួលបានសុភមង្គលពិតប្រាកដបានឡើយ។
៥.អ្នកដែលនិយាយកុហក បោកប្រាស់ បំភាន់ចំពោះអ្នកមានសីល ឬអ្នកក្រខ្សត់ គឺជាមនុស្សកំពុងបំផ្លាញខ្លួនឯង។ ពាក្យកុហកអាចបំផ្លាញទំនុកចិត្តនិងកិត្តិយសក្នុងពេលវេលាខ្លី និង បង្កការបាត់បង់ធំធេងនៅថ្ងៃក្រោយ។ ពាក្យកុហកអាចធ្វើឱ្យខ្លួនឯងទទួលបានអត្ថប្រយោជន៍បន្តិចបន្តួច ប៉ុន្តែវានឹងបំផ្លាញកិត្តិយសនិងឱកាសនាអនាគត។ ចំណែកមនុស្សស្មោះត្រង់វិញ ទោះមានទ្រព្យតិចក៏មានតម្លៃខ្ពស់។ ដូច្នេះ កុំប្រើពាក្យកុហកដើម្បីតែប្រយោជន៍ខ្លួនឯង ព្រោះវាជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ សេចក្តីស្មោះត្រង់ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃជាងសម្ភារៈទាំងឡាយ។
៦.អ្នកមានហូរហៀហើយធ្វើមានបានតែម្នាក់ឯង។ អ្នកមានទ្រព្យច្រើនតែមិនចេះចែករំលែក ឬជួយសង្គម ក៏វិនាសដែរ។ ទ្រព្យសម្បត្តិមានន័យ គឺនៅពេលយើងប្រើវាដើម្បីជួយអ្នកដទៃ។ ចិត្តសប្បុរស គឺជាទ្រព្យអមតៈ ផ្តល់ទាំងកិត្តិយសនិងសុភមង្គលនិងសេចក្តីសុខពិតប្រាកដ។
៧. អ្នកដែលប្រកាន់ជាតិវង្សត្រកូល អំបូរពូជពង្ស ហើយមិនប្រមូលរាប់អានសាច់ញាតិសន្តាន អ្នកភូមិផងរបងជាមួយ មិនអើពើ មិនរាប់អានសាច់ញាតិ និងអ្នកជិតខាង ក៏ជាការប៉ះពាល់ដល់ទំនាក់ទំនងសង្គម និងបាត់បង់សេចក្តីស្រឡាញ់ពីមនុស្សជុំវិញ។
៨. អ្នកដែលប្រព្រឹត្តល្បែងស្រីស្រាល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឱ្យទ្រព្យសម្បត្តិខ្ជះខ្ជាយវិនាសដោយឥតប្រយោជន៍។ ទ្រព្យដែលរកបានដោយកម្លាំងញើសឈាម ក៏បាត់បង់ទៅដោយឥតប្រយោជន៍។ ទ្រព្យសម្បត្តិគឺបានពីការខិតខំប្រឹងប្រែង យើងត្រូវប្រើប្រាស់វាឱ្យបានត្រឹមត្រូវសម្រាប់គ្រួសារនិងសង្គម។
៩. អ្នកមិនត្រេកអរនឹងភរិយាឬស្វាមីខ្លួន ដោយទៅជាប់ជួនត្រេកត្រអាលជាមួយស្ត្រីឬបុរសដទៃ ជាហេតុនាំឱ្យវិនាស។ ការសន្តោស ឬការត្រេកអរជាមួយភរិយាឬស្វាមីរបស់ខ្លួន គឺបានបញ្ជាក់ពីការស្មោះត្រង់។ ភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក នឹងនាំឱ្យជីវិតប្តីប្រពន្ធពោរពេញទៅដោយក្តីសុខ សុភមង្គល និងកិត្តិយសឧត្តុង្គឧត្តម។
១០. អ្នកមានវ័យចាស់ តែជ្រើសរើសយកភរិយា ឬ ស្វាមីដែលក្មេងជាងខ្លួនខ្លាំងពេក នឹងនាំឱ្យជួបក្តីវិនាស។ មនុស្សមានវ័យខុសគ្នាច្រើនពេក តែងមានចំណង់ចំណូលចិត្តខុសគ្នាច្រើន ដែលប្រឈមនឹងការប្រេះឆា បែកបាក់។ ចំណុចនេះ យើងអាចរៀនសូត្របាននិងយកជាមេរៀនក្នុងការជ្រើសរើសគូស្រករ ឬ ដៃគូជីវិត។
១១. បុរស ឬ ស្ត្រីដែលជាមេគ្រួសារហើយជាមនុស្សខ្ជះខ្ជាយ មិនចេះចាត់ចែងគ្រប់គ្រងដោយល្អ គ្រួសារនោះនឹងប្រឈមក្តីវិនាស មិនរីកចម្រើន មានបំណុលវ័ណ្ឌក... ជាដើម។ មេគ្រួសារ ត្រូវតែជាមនុស្សដែលចេះ លៃលកចាត់ចែង ចេះពីរបៀបចាយវាយទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវ ទើបគ្រួសារនោះមិនធ្លាក់ចុះ។
១២. អ្នកកើតក្នុងត្រកូលជាក្សត្រ ឬ ត្រកូលអ្នកធំ តែឥតចំណេះដឹងផង ខ្សត់ទ្រព្យសម្បត្តិផង តែប្រាថ្នាធ្វើជាធំ គឺតែងពិបាកសម្រេចគោលបំណងណាស់។ ការមានតួនាទីធំដុំក្នុងការងារគ្រប់គ្រងដឹកនាំ គឺទាមទារឱ្យមានចំណេះដឹង សមត្ថភាព លទ្ធភាពគ្រប់គ្រាន់ទើបអាចបំពេញតួនាទីនោះបានល្អ៕


ដោយ៖ គង់ សិរីរ័ត្ន





