ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យវឌ្ឍនសាលាបឋមសិក្សា និងវិទ្យាល័យព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍនភាពនៅក្នុងបរិវេណសាលា បឋមសិក្សា និងវិទ្យាល័យព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះ រ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

លោក ធូ សុខេង ជាគណ:គ្រប់គ្រងវិទ្យាល័យព្រែកស្វាយ បានឱ្យដឹងថា សាលាមានចាប់ពីមត្តេយ្យសិក្សា បឋមសិក្សា និងវិទ្យាល័យ ក្នុងនោះសាលាបឋមសិក្សាព្រែកស្វាយ មានអគារមួយខ្នង ៦បន្ទប់ ស្មើនឹង៦ថ្នាក់ មានសិស្សានុសិស្សសរុបចំនួន១៦៤នាក់ ស្រី៨២នាក់ និងមានសាលាមត្តេយសិក្សាសហគមន៍មាន២បន្ទប់ មានសិស្សសរុបចំនួន៥៦នាក់ ស្រី៣២នាក់ និងមានគ្រូសរុបចំនួន៦នាក់ ក្នុងនោះគ្រូកិច្ចសន្យាចំនួន ២នាក់ និងដោយឡែកសាលាវិទ្យាល័យមានសិស្ស១២៣នាក់ ស្រី៥១នាក់ គឺមានចាប់ពីថ្នាក់ទី៧ ដល់ទី១២។ ដោយឡែកសិស្សថ្នាក់ទី១១ និងទី១២ ពួកគាត់រៀនតាមប្រព័ន្ធអនឡាញ ហើយឆ្នាំនេះមានសិស្សចំនួន ៤នាក់ បានដាក់ពាកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យមានគ្រូចំនួន ៤នាក់ ស្រី១ ចំពោះសិស្សានុ សិស្សនៅទីនេះពួកគាត់បានមករៀងទៀងទាត់ដោយសារផ្ទះរបស់ពួកគាត់នៅជិតសាលានេះតែម្តង ដោយឡែកចំពោះនៅលើកោះរ៉ុង មានតែសាលាវិទ្យាល័យមួយតែប៉ុណ្ណោះ។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានពិនិត្យមើលវឌ្ឍនភាពនៅសាលាព្រែកស្វាយ សង្កាត់កោះរ៉ុង ដោយពិនិត្យឃើញថា មានការរៀបចំទាំងក្នុងថ្នាក់ និងក្រៅថ្នាក់មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ បរិស្ថានអនាម័យក្នុងបរិវេណមានលក្ខណសមរម្យ និងសូមអគុណគណ:កម្មការសាលា លោកនាយក លោកគ្រូ អ្នកគ្រូ សូមបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹកសមត្ថភាពបន្ថែមទៀត ទាំងគុណភាព បរិស្ថាន អនាម័យ និងសោភ័ណភាព ដើម្បីចូលរួមប្រកួតប្រជែងសាលាគំរូនាពេលខាងមុខ និងសូមជូនពរលោកគ្រូ អ្នកគ្រូបំពេញភារកិច្ចកាន់តែល្អ ជាពិសេសការជួយបណ្តុះបណ្តាលយុវជនបន្តវេនទៅថ្ងៃអនាគត។
ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មត្តេយសិក្សា សហគមន៍ព្រែកស្វាយនូវលក្ខណៈសម្បត្តិមួយចំនួន ដើម្បីការចូលរួមការប្រឡងប្រណាំងសាលាមត្តេយគំរូថ្នាក់ជាតិ៕


ដោយ ងូ សុមុនី





