ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេណទី៩ នៅវត្តគិរីជលសារ កោះរ៉ុង
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរ អង្គភាព ជុំវិញខេត្តព្រះសីហនុ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេណទី៩ នៅវត្តគិរីជលសារ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គីម សុភ័ក្រ្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់បានអញ្ជើញបូជាទានធូបផ្កាភ្ញី ថ្វាយព្រះពុទ្ធិមានៅក្នុងឧបដ្ឋានសិលា និងសម្មាទានសីល ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានៃយើងដែលមានតាំងពីបុរាណកាលមក ដើម្បីជាកិច្ចរំលឹកគុណបុណ្យព្រះរតនត្រៃ ជាពិសេសរំលឹកគុណព្រះពុទ្ធបរមគ្រូនៃយើង ជាពិសេសការបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទ និងកូនចៅគ្រប់រូបគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន និងបន្តនៅពេលអនាគត ពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។


ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌឆ្នាំនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទជិតឆ្ងាយ និងប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានមានឱកាសបានឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមឱ្យវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនទាំងអស់ សូមអញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។
ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានអញ្ជើញរាប់បាត និងវេប្រគេនបច្ច័យដល់ព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ សូមទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លា ដែលឯកឧត្តម លោកជំទាវ មន្រ្តីរាជការ ពុទ្ធបរិស័ទវេប្រគល់ជូនតាមរយៈព្រះសង្ឃ។


ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បាននាំយកសម្ភារមួយចំនួនប្រគេនព្រះសង្ឃវត្តគិរីជលសារ កោះរ៉ុង មានដូចជា ១-អង្ករ ៣០០គីឡូក្រាម ២-មី ២៤កេស ៣-ទឹកត្រី ១០យូ ៤-ទឹកស៊ីអ៉ីវ ១០យួរ ៤-ទឹកសុទ្ធ ១០កេស ៥-ទឹកក្រូច ១០កេស ចង្ហាន់បិណ្ឌបាត្រចំនួន៤ឆ្នាំង ថវិកាប្រគេនព្រះសង្ឃក្នុងមួយអង្គ ១០ម៉ឺនរៀល ដោយឡែក ព្រះតេជគុណចៅអធិការវត្ត ចំនួន ២០ម៉ឺនរៀល ជូនលោកអាចារ្យ គណ:កម្មាវត្តក្នុងម្នាក់ៗ ៥ម៉ឺនរៀល យាយជី តាជីក្នុងម្នាក់ ២ម៉ឺនរៀល និងបច្ច័យប្រគេនវត្តដើម្បីកសាងសមិទ្ធិផលចំនួន ១០លានរៀល ។ ក្រៅពីនោះក៏មានថវិកាចូលរួមពីលោកឧកញ៉ា មន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ៕

ដោយ ងូ សុមុនី





