កម្ពុជា-ចិន សហការរៀបចំវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ» ជូនស្ត្រីជាថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈប្រតិភូសិក្ខាកាមនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក ចាង ហ្វឹង (Zhang Feng) លេខាធិការគណៈកម្មាធិការបក្ស នៃវិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច ទីក្រុងសៀងហៃ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ៖ បទពិសោធន៍ប្រទេសចិន» ជូនស្ត្រីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ និង គ្រូឧទ្ទេសចំនួន ៣០ រូប មកពីព្រះរាជាណាចក្រកម្ពុជា។សិក្ខាសាលានេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។

វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង វិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI & AFDI) នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន មានការអញ្ជើញចូលរួមពី សិក្ខាកាមស្រ្តីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ ឧទ្ទេសាចារ្យ និង វាគ្មិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងពីរភាគី (កម្ពុជា និង ចិន)។

ថ្លែងនៅក្នុងពីធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះ វិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI & AFDI) ដែលបានសហការជិតស្និទ្ធជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលនៅពេលនេះ, ក៏ដូចជាសិក្ខាសាលាបណ្ដុះបណ្តាល និង ទស្សនកិច្ចសិក្សានានា នាពេលកន្លងមក ជូនសិក្ខាកាមជា ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ មកពីព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និង ប្រជាជនចិន ដែលបានគាំទ្រ និង ចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងឈប់បាញ់ និង ពន្លឿនការស្ដារឡើងវិញ នូវសន្តិភាព និង ស្ថិរភាព នៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានផ្តល់ជំនួយសប្បុរសធម៌ ដល់ជនភៀសសឹកកម្ពុជា ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារការប្រយុទ្ធគ្នា រវាងកងទ័ពទាំងពីរ នៅបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានចាត់ទុកជា «មិត្តភាពដែកថែប» និង បានវិវឌ្ឍរីកចម្រើនមកជា «ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ» និង ក្លាយជាសសរទ្រូងគោលនយោបាយការបរទេស នៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និង ចក្ខុវិស័យរួមសម្រាប់អនាគត ។ ការណ៍នេះ បានស្តែងឡើងកាន់តែច្បាស់ តាមរយៈប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ថា កម្ពុជា និង ចិនមានទំនាក់ទំនងដ៏យូរអង្វែង និង ត្រូវបានបង្កើតឡើង និង ថែទាំ ដោយថ្នាក់ដឹកនាំជាច្រើនជំនាន់បន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ ។លោក ចាង ហ្វឹង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការស្អិតរមួតរវាង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង វិទ្យាស្ថាន SNAI & AFDI នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

លោក ចាង ហ្វឹង បានគូសរំលេចថា ចាប់តាំងពីឆ្នាំ ២០១១ ដល់ ចុងឆ្នាំ ២០២៤ វិទ្យាស្ថាន SNAI & AFDI បានសហការជិតស្និទ្ធជាមួយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងការរៀបចំ និង អនុវត្តវគ្គសិក្សារយៈពេលខ្លី និង ទស្សនកិច្ចសិក្សា លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (បានចំនួន ៤៥ វគ្គ និង មានសិក្ខាកាមចំនួន ១ ៣៦១ នាក់) ជូនមន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ លើសពីនេះទៀត វិទ្យាស្ថាន បានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតគណនេយ្យ សម្រាប់មន្រ្តីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុវ័យក្មេង នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៣៧ រូប មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និង ក្រសួងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្ដុះបណ្ដាលនៅពេលនេះ គឺជាវគ្គសិក្សាពិសេស ដែលផ្តោតសំខាន់លើ «ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ» សម្រាប់សិក្ខាកាមគោលដៅជាស្ត្រីថ្នាក់ដឹកនាំ របស់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា បន្តពីវគ្គសិក្សាក្នុងឆ្នាំ ២០២៤ កន្លងទៅ, សំដៅពង្រឹកចំណេះដឹង និង ការយល់ដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ដោយអនុវត្តតាមឧត្តមានុវត្តន៍អន្តរជាតិ, ជាពិសេស បទពិសោធប្រទេសចិន សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ សិក្ខាសាលាបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្តល់ឱកាសជូនសិក្ខាកាម សិក្សា និង ស្វែងយល់ ដើម្បីបង្កើនចំណេះដឹង និង ការយល់ដឹងបន្ថែម តាមរយៈបទឧទ្ទេស និង ការចែករំលែកនូវមេរៀន និង បទពិសោធល្អៗ ពីសាស្រ្តាចារ្យ និង វាគ្មិនរបស់វិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ី-ប៉ាស៊ីភិចប្រទេសចិន សំដៅចូលរួមគាំទ្រ និង អនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន៕
ដោយ ទូច វលក្ខ័ណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





