មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ខ្ពស់ចំពោះវិធានសុវត្ថិភាពនិងអនាម័យ ដើម្បីកសាងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ
AKP សៀមរាប ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ានស្តីពី "វិធានសុវត្ថិភាព និង អនាម័យ សម្រាប់ប្រតិបត្តិករ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍" នៅខេត្តសៀមរាបនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្រោមស្មារតីនៃការអនុវត្ត វិធានសុវត្ថិភាព និងអនាម័យអាស៊ានសម្រាប់ប្រតិបត្តិករ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍អាស៊ាន និងឡាប៊ែលសុវត្ថិភាព និងភាពកក់ក្តៅរបស់អាស៊ាន ដែលបានអនុម័តដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ អំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២កន្លងទៅ ដែលមានកម្ពុជាជាប្រទេសដឹកនាំ និងសម្របសម្រួលការអនុវត្ត។

សិក្ខាសាលាថ្នាក់តំបន់នេះនឹងផ្តោតសំខាន់លើគោលបំណងធំៗចំនួន៣ គឺ៖ (១) លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីវិធានណែនាំស្តីពីសុវត្ថិភាព និងអនាម័យអាស៊ានសម្រាប់ប្រតិបត្តិករ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍អាស៊ាន (២) ទទួលស្គាល់គ្រូបង្គោលអាស៊ាន សម្រាប់បណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តអំពីគោលការណ៍ណែនាំស្តីពីសុវត្ថិភាព និងអនាម័យអាស៊ាន និង(៣)លើកកម្ពស់ការប្រើប្រាស់ឡាប៊ែលសុវត្ថិភាពនិងភាពកក់ក្តៅរបស់អាស៊ាន ឱ្យបានទូលំទូលាយ។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រតិបត្តិករ និងសហគមន៍ទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះវិធានសុវត្ថិភាពនិងអនាម័យដើម្បីកសាងទំនុកចិត្តឡើងវិញសម្រាប់ភ្ញៀវទេសចរ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប សិក្ខាសាលាថ្នាក់តំបន់នេះមានសារៈសំខាន់ណាស់ព្រោះវា នឹងផ្តល់ឱ្យគ្រូបណ្តុះបណ្តាលនូវចំណេះដឹងសំខាន់ៗអំពីសុវត្ថិភាពចំណីអាហារ និងស្តង់ដារអនាម័យនៅក្នុងវិស័យទេសចរណ៍ទូទាំងតំបន់អាស៊ីអាគ្នេយ៍ដូចជា ផ្តល់នូវការណែនាំជាក់ស្តែងសម្រាប់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីការពារខ្លួនឯង ភ្ញៀវទេសចរផងដែរ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា តាមរយៈការអនុវត្តតាមវិធានការណ៍ស្តង់ដារទាំងនេះ ប្រទេសជាសមាជិកអាស៊ានអាចបង្ហាញពីការត្រៀមលក្ខណៈ និងសមត្ថភាពរបស់ខ្លួនក្នុងការទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះមិនត្រឹមតែផ្តោតលើការឆ្លើយតបទៅនឹងវិបត្តិទេ ប៉ុន្តែក៏ជាយុទ្ធសាស្ត្ររយៈពេលវែងដើម្បីកសាងវិស័យទេសចរណ៍អាស៊ានឱ្យកាន់តែមានភាពរឹងមាំ ធន់ និងនិរន្តរភាពផងដែរ៕
ដោយ ឃុត សៅ





