អាជ្ញាធរខេត្តបន្ទាយមានជ័យអញ្ជើញរាប់បាត្រ និងឧទ្ទិសកុសលក្នុងពិធីបុណ្យឆ្លងបិណ្ឌវេនទី៩
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី និងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឧទ្ទិសកុសលបញ្ចប់កម្មវិធីកាន់បិណ្ឌវេនទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្ថិតក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ខែឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ។

ក្នុងពិធីដ៏មានអត្ថន័យនេះ គណៈអធិបតី និងពុទ្ធបរិស័ទ បានរួមគ្នារាប់បាត្រ និងវេរភត្តាហារប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងអ្នកមានគុណ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា "បច្ចុប្បន្ននេះ ដោយសារបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ប្រជាពលរដ្ឋទាំងអស់គួរផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាសេនាបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា"។ ឯកឧត្តមក៏បានអំពាវនាវឱ្យបន្តផ្តល់កម្លាំងចិត្តដល់កងកម្លាំងវីរៈកងទ័ពជួរមុខ ដែលកំពុងការពារព្រំដែន និងបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។

ក្រៅពីពិធីសាសនា ឯកឧត្តម អ៊ុ រាត្រី និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី ក៏បានបូជាទៀនធូបផ្កាភ្ញីដល់ព្រះរតនត្រ័យ និងបាននាំយកនូវទេយ្យទាន រួមទាំងគ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃ និងចែកជូនសារុង រួមជាមួយថវិកាដល់ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានឧទ្ទិសកុសលផលបុណ្យដែលបានមកពីបុណ្យទាននាឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឲ្យវិញ្ញាណក្ខន្ធទាំងនោះបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយ ឈុន សារ៉ាត





