ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥--
ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះមកពិនិត្យ និងធ្វើបទសម្ភាសន៍ជាមួយអាជ្ញាធរខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។
ការចុះរបស់ក្រុមអ្នកសារព័ត៌មាននេះ ដោយមានការសម្របសម្រួលពីក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

សិក្ខាសាលាអ្នកសារព័ត៌មានបានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន ក្នុងនោះ អ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មាន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន នៅខេត្ដព្រះវិហារ អ្នកសារព័ត៌មានបានទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ និងតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចកាលពីអតីតកាល។

ជាមួយគ្នានេះ នៅខេត្តឧត្តរមានជ័យ អ្នកសារព័ត៌មាននឹងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះនៅភូមិស្រែ ឃុំកូនគ្រៀល និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។ អ្នកសារព័ត៌មានក៏នឹងទៅទស្សនាមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ និងទីជម្រកបណ្តោះអាសន្នវត្តធម្មកំបោរ។
ចំណែកនៅខេត្តបន្ទាយមានជ័យ ក្រុមអ្នកសារព័ត៌មាន ក៏នឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ជាកន្លែងដែលកងកម្លាំងថៃ បានដំឡើងលួសបន្លា នៅជិតផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើន៕


ដោយ៖ AKP





