គិតមកទល់នឹងថ្ងៃនេះ កិច្ចព្រមព្រៀងឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ត្រូវបានអនុវត្តគម្រប់១ខែគត់ ដោយកម្ពុជា គោរពបានយ៉ាងល្អនៅគ្រប់ចំណុចទាំងអស់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥–អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា គិតមកទល់នឹងថ្ងៃនេះ កិច្ចព្រមព្រៀងឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃត្រូវបានអនុវត្តគម្រប់១ខែគត់ គិតពីថ្ងៃ២៨ ខែកក្កដា ដលើ់ថ្ងៃ២៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនេះកម្ពុជា គោរពកិច្ចព្រមព្រៀងបានយ៉ាងល្អដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនៅគ្រប់ចំណុចទាំងអស់ដែលបានព្រមព្រៀងគ្នា។
ការផ្ដល់តម្លៃដល់កិច្ចព្រមព្រៀងឈប់បាញ់ឆ្លុះបញ្ចាំងពីការផ្ដល់តម្លៃដល់ជីវិតមនុស្ស អំពីបេះដូងស្រឡាញ់សន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា និងប្រជាពលរដ្ឋរបស់ខ្លួន នេះសបញ្ជាក់ឱ្យឃើញថា មិនត្រឹមតែនិយាយត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានបង្ហាញឱ្យឃើញជាក់ស្ដែង ពីភាពបរិសុទ្ធ និងស្មោះត្រង់ចំពោះបុព្វហេតុសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ហើយដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

ក្នុងសន្នីទសារព័ត៌មាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងបន្ថែមថា ជាក់ស្ដែងក្នុងសារលិខិតផ្ញើជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ខែសីហា ឆ្នាំ២០២៥ ហើយដែលសម្ដេចធិបតី ទើបផ្សព្វផ្សាយជាសាធារណៈកាលពីយប់ថ្ងៃទី២៧ខែសីហា ម្សិលមិញ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា សម្ដេចធិបតីគឺជាថ្នាក់ដឹកនាំឆ្នើមមួយរូបដែលផ្ដល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។
ការវាយតម្លៃបែបនេះបានធ្វើឡើងបន្ទាប់ពី ឯកឧត្តមប្រធានាធិបតី បានដឹងពីប្រវត្តិសាស្ត្រ វប្បធម៌សម្បូរបែប របស់កម្ពុជា ជាពិសេសបន្ទាប់ពីបានសន្ទនាតាមទូរសព្ទជាមួយនឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចខិតខំប្រឹងប្រែង ស្វះស្វែងរកបទឈប់បាញ់ជាមួយនឹងប្រទេសថៃ។
សូមបញ្ជាក់ជូនដែរថា ទឹកចិត្តស្រឡាញ់សន្តិភាព ការផ្ដល់តម្លៃដល់ជីវិតមនុស្សរបស់ថ្នាក់ដឹកនាំកម្ពុជា បានស្ដែងយ៉ាងច្បាស់រួចទៅហើយ តាមរយៈការតស៊ូរំដោះជីវិតរបស់ពលរដ្ឋខ្មែររាប់លាននាក់ចេញបីសេចក្ដីស្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងបានសុខសន្តិភាពតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
ប្រពៃណីដ៏ល្អនេះត្រូវបានបន្តដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ហើយដែលបានស្ដែងឱ្យឃើញច្បាស់ តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់ប្រកបដោយការអត់ធ្មត់ ប៉ុន្តែមានការទទួលខុសត្រូវខ្ពស់ក្រោមស្មារតីស្រឡាញ់សន្តិភាព ផ្ដល់តម្លៃដល់ជីវិតមនុស្ស ពិតដូចការវាយតម្លៃរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ហើយនិងមេដឹកនាំបរទេសជាច្រើនទៀត៕
ដោយ៖ គង់ សិរីរ័ត្ន





