លោក ហាក់ ម៉ុងហួត អញ្ជើញបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហម លូ១កន្លែង គម្រោងសាងសង់ផ្លូវបេតុងអាមេ នៅឃុំអណ្ដូងពោធិ៍
AKP កំពង់ធំ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង១៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ លូ១កន្លែង ស្ថិតនៅភូមិអណ្តូងពោធិ៍ គម្រោងសាងសងផ្លូវបេតុងអាមេប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រនៅភូមិគុហ៍បារែង និងភូមិគ្រើល ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ផ្លូវបេតុងដែលនឹងត្រូវសាងសង់នៅពេលនេះគឺពិតជាមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអណ្តូងពោធិ៍ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកតាំងគោកផងដែរ ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច សម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារ។

លោក ហាក់ ម៉ុងហួត ក៏បានសន្យាបន្តសាងសងផ្លូវបេតុងបន្ថែមទៀត នៅឃុំអណ្តូងពោធិ៍ ក្នុងស្រុកតាំងគោកនៅឆ្នាំក្រោយៗទៀត។ សមិទ្ធផលផ្លូវបេតុងនេះគឺបានមកដោយសារប្រទេស មានសុខសន្តិភាព ស្ថេរភាព ពេញលេញទូទាំងប្រទេស ហើយកត្តាសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍ នៅគ្រប់កន្លែង និងគ្រប់វិស័យ។លោកក៏បានស្នើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ។

លោកអភិបាលស្រុកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលស្រុកសម្រេចបានដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងឃុំ ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានជំរុញឱ្យក្រុមហ៊ុន ដែលទទួលកសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែងហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ចំពោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត៕
ដោយ ស៊ុម វណ្ណា





