ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រគល់ផ្ទះ និងដីជូនអតីតយុទ្ធជន៤០គ្រួសារនៅខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ សម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក ប្រគល់ផ្ទះ និងដីឡូតិ៍ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជាជូនអតីតយុទ្ធជន កសាងតាមរយៈអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត ចំនួន៤០គ្រួសារ នៅតំបន់ដីសម្បទានសង្គមកិច្ចក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាពតាមរយៈចំណុចអាទិភាពសំខាន់មួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានខិតខំដោះស្រាយជូនអតីតយុទ្ធជនឱ្យមានផ្ទះស្នាក់នៅសមរម្យ និងមានដីសម្រាប់បង្កបង្កើនផល។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន និងបានណែនាំដល់អតីតយុទ្ធជនត្រូវខិតខំដាំដុះបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះដែរ អតីតយុទ្ធជនបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះនិងដីព្រមទាំងបានផ្ដល់ការយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះអតីតយុទ្ធជនតាំងពីដើមរហូតមកដល់ពេលបច្ចុប្បុន្ននេះ។

សូមជម្រាបថា បច្ចុប្បន្នអតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបងមានជាង ១៤ ០០០នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួនជាង ១១ ៨០០នាក់ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។អតីតយុទ្ធជនចំនួន១០៤គ្រួសារ បានទទួលផ្ទះចំនួន១០៤ខ្នងផ្ទះលើដីសម្បទានសង្គមកិច្ចនៅស្រុកគាស់ក្រឡ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនៅថ្ងៃនេះអតីតយុទ្ធជនចំនួន៤០គ្រួសារបន្ថែមទៀតបានទទួលផ្ទះ និងដីឡូតិ៍ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។

ពិធីនេះមានអញ្ជើញចូលរួមពីតំណាងក្រសួងការពារជាតិ តំណាងក្រសួងអភិវឌ្ឍន៍បទ តំណាងក្រសួងធនធាទឹក និងឧតុនិយម អ្នកឧកញ៉ា វិញ ហ៊ួរ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងជាប្រធានស.អ.ក ខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជនសរុបចំនួន៣៥០នាក់៕
ដោយ ណយ នឿន





