ឯកឧត្តម ឌិត ទីណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយការឈ្លានពានពីកងទ័ពថៃនៅឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលបានរងគ្រោះដោយសារកងទ័ពថៃឈ្លានពាន និងរំលោភបំពានចូលមករាយបន្លាលួសនៅផ្ទះសម្បែងរបស់ពួកគាត់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរចុះសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអមដំណើរដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយអំពាវនាវឱ្យពួកគាត់រក្សាភាពអត់ធ្មត់ និងទុកចិត្តលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងតែបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងរក្សាបទឈប់បាញ់ ដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់អាចវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញបានឆាប់រហ័ស។

ឯកឧត្តម អ៊ុ រាត្រី បានធ្វើការបញ្ជាក់បន្ថែមថា មានប្រជាពលរដ្ឋសរុប១២គ្រួសារ ស្មើនឹង៥៩នាក់ ដែលបានរងផលប៉ះពាល់ពីការឈ្លានពាននេះ។ ក្នុងចំណោមអ្នករងគ្រោះទាំងអស់នោះ មានជនពិការចំនួន ៤នាក់ និងស្ត្រីមានផ្ទៃពោះចំនួន២នាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធបានរួមគ្នាជួយដោះស្រាយជាបណ្តោះអាសន្ននូវកន្លែងស្នាក់នៅ និងម្ហូបអាហារសម្រាប់ជនរងគ្រោះទាំងអស់ ដើម្បីធានាបាននូវសុវត្ថិភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ កិច្ចការនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក៕
ដោយ ឈុន សារ៉ាត





