ប្រឡងបាក់ឌុបនៅរសៀលថ្ងៃទី១នេះមានភ្លៀងធ្លាក់នៅតំបន់ខ្លះតែបេក្ខជននៅតែបន្តប្រឡងធម្មតា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នា២០២៥-- ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលទី១នៃដំណើរការសំណេរនេះមានភ្លៀងធ្លាក់នៅខេត្តក្រចេះ ទោះបីយ៉ាងណាក៏ដោយក៏បេក្ខជនប្រឡងនៅតែបន្តធ្វើដំណើរចូលទៅប្រឡងជាធម្មតា។ នេះបើតាមការបញ្ជាក់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់រសៀលថ្ងៃទី១នៃដំណើរការសំណេរមានវិញ្ញាសាគីមីវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្រ្ត) និងភូមិវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម) ដែលប្រព្រឹត្តទៅពីម៉ោង១៤៖០០ ដល់ម៉ោង១៧៖០០។

សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន៤០ ៦៧៨ នាក់ (ស្រី២៤ ៥១៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ មករា





