ព្រឹកថ្ងៃទី១នៃការប្រឡងបាក់ឌុបមានបេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ បេក្ខជនដែលអាចប្រឡងបន្តមានចំនួន៣៨នាក់ និង ២នាក់បោះបង់ការប្រឡង
AKPភ្នំពេញ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥--
ក្រសួងអប់រំបានឱ្យដឹងថានៅព្រឹកថ្ងៃទី១នៃការប្រឡងបាក់ឌុបនៃថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៥នេះមាន បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក១២នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព២១នាក់។

ប្រភពខាងលើនេះបានឱ្យដឹងដែរថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។


ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
ជាមួយគ្នានេះដែរក្រសួងអប់រំបានឱ្យដឹងដែរថា នៅខេត្តសៀមរាបមានករណីដកទូរសព្ទពីបេក្ខជនចំនួន១ករណី៕
ដោយ៖មករា





