ដំណើរការប្រឡងបាក់ឌុបនៅខេត្ដសៀមរាបមានដំណើរការយ៉ាងរលូនតាមគោលការណ៍ «ចេះជាប់»
AKP សៀមរាប ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ គេសង្កេតឃើញថា នៅតាមមណ្ឌលប្រឡងនីមួយៗមានភាពល្អប្រសើរ ទាំងសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងមានក្រុមយុវជនស.ស.យ.ក សម្របសម្រួលផ្ញើកង់-ម៉ូតូប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានកោតសរសើរដល់ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងកម្លាំងយុវជនសហភាពសហព័ន្ឋកម្ពុជាខេត្តសៀមរាបដែលបានសហការល្អ សំដៅរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ជាពិសេសគ្រប់សមាសភាពគណៈកម្មការក៏ចាត់ចែងដំណើរការប្រឡងបានបំពេញតួនាទីភារកិច្ចប្រកប ដោយរលូនផងដែរ។

ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប បានគូសបញ្ជាក់ផងដែរថា ដំណើរការប្រឡងឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំកន្លងទៅ ដោយក្រសួងបានរៀបចំការប្រឡង ដោយបែងចែកបេក្ខជនទៅតាមតំបន់ និងផ្ដល់អាទិភាពពិសេស ជាក់ស្ដែងដូចជាមណ្ឌលប្រឡងនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាតំបន់ដែលរងនូវផលប៉ះពាល់ពីសង្គ្រាមឈ្លានពានកាលពីពេលថ្មីៗនេះ ដូច្នេះក្រសួងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទាំងការស្នាក់នៅ ការហូបចុក ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗ និងធ្វើយ៉ាងណាដើម្បីឱ្យការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន បើទោះបីជាមានយើងកំពុងមានបញ្ហាប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាងក៏ដោយ។

យ៉ាងណាមិញ ឯកឧត្តមបណ្ឌិតបានបន្ថែមថា ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ មានបេក្ខជនប្រឡងចំនួន១១១៦២នាក់ និងមានមណ្ឌលប្រឡងចំនួន១៦មណ្ឌល ស្មើនឹង៤៤៩បន្ទប់៕
ដោយ ឃុត សៅ





