ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥នៅមណ្ឌលវិទ្យាល័យកំពង់ធំ
AKPកំពង់ធំថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ នៅមណ្ឌលវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត កងកម្លាំងទាំង៣ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត អង្គភាពប្រឆាំងអំពើពុករលួយACU លោកប្រធានមណ្ឌល លោកគ្រូអ្នកគ្រូជាអនុរក្សផងដែរ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានឱ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនទាំងអស់បានចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី/ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ។ បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥នេះ ត្រូវខិតខំសរសេរវិញ្ញាសាដោយប្រុងប្រយ័ត្ននិងពិនិត្យមើលឱ្យបានត្រឹមត្រូវច្បាស់លាស់សរសេរឱ្យបានត្រូវច្រើនល្អ ដើម្បីយកលទ្ធផលបានជោគជ័យនិងទទួលបាននិទ្ទេស A ឱ្យបានច្រើននៅពេលប្រកាស់លទ្ធផលនាពេលខាងមុខ។

ឯកឧត្តម នួន ផារ័ត្នបានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។

សូមបញ្ជាក់ថាខេត្តកំពង់ធំមានមណ្ឌលប្រឡងចំនួន១៣មណ្ឌលស្មើនឹង២៣៤បន្ទប់ មានបេក្ខជនប្រឡងចំនួន៥៧៩៥នាក់ (ស្រី៣៣១៩នាក់)។ មានការបែងចែក២មុខវិទ្យាគឺ ថ្នាក់វិទ្យាសាស្រ្តមាន០២មណ្ឌល មានបន្ទប់៥១បន្ទប់ ថ្នាក់វិទ្យាសាស្រ្តសង្គមមាន១១មណ្ឌល មានបន្ទប់១៨៥បន្ទប់៕
ដោយ៖ ស៊ុម វណ្ណា





