ឯកឧត្តម សុខ លូ អញ្ជើញបើកវិញ្ញាសាជានិមិត្តរូបនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៥
AKP បាត់ដំបង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូបសម្រាប់ព្រឹកថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិបាត់ដំបង (National University of Battambang -NUBB) ដោយបានបង្ហាញអំពីការពិនិត្យភាពបិទជិត និងត្រាលើស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។ សូមបញ្ជាក់ផងដែរថា វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





