រដ្ឋបាលខេត្តតាកែវសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) រៀបចំវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី»
AKP តាកែវ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តតាកែវបានសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) រៀបចំវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» ដោយវេទិកានេះបានរៀបចំធ្វើឡើងនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោតាកែវ កាលពីថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងសហជីពជាង២០០នៅខេត្តតាកែវ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. បានលើកឡើងពីសារៈសំខាន់នៃអង្គការសង្គមស៊ីវិលថា ជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាល និងបានជំរុញឱ្យអង្គការទាំងអស់បន្តគោរពច្បាប់ ដើម្បីបង្កើនតម្លាភាព និងទំនុកចិត្តពីសាធារណជន និងបានលើកទឹកចិត្តឱ្យមានការពង្រឹងស្មារតីស្នេហាជាតិ ជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមនឹងបញ្ហាព្រំដែន និងវិបត្តិនយោបាយសកល។
លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តតាកែវតែងតែមានការសហការល្អជាមួយអង្គការសង្គមស៊ីវិល សហជីព សមាគម។ ក្នុងព្រឹត្តិការណ៍ជម្លោះព្រំដែនរយៈពេល៥ថ្ងៃជាមួយប្រទេសថៃ ទាំងបងប្អូនប្រជាពលរដ្ឋ និងតំណាងអង្គការសង្គមស៊ីវិល សមាគមនៅទូទាំងខេត្តតាកែវ បានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា។ តាមរយៈការផ្ដល់ជំនួយឧបត្ថម្ភផ្សេងៗយកមកផ្ដល់ជូនរដ្ឋបាលខេត្ត ដើម្បីបន្តផ្ដល់ជូនជនភៀសសឹក និងបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាននៅសមរភូមិមុខ ដែលសកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីទឹកចិត្តដ៏ធំធេងរបស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ដែលមានចំពោះជាតិមាតុភូមិ។

ក្នុងឱកាសនោះតំណាងអង្គការសង្គមស៊ីវិលខេត្តតាកែវបានបង្ហាញការគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ហើយបានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំគាំទ្ររាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំថែរក្សាសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្រុមអង្គការសង្គមស៊ីវិលខេត្តតាកែវក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ដើម្បីដោះលែងទាហានកម្ពុជា18នាក់ ដែលត្រូវបានទាហានថៃចាប់ខ្លួនកាលពីពេលថ្មីៗនេះ៕

ដោយ អ៊ុច សៀង





