លោក សាយ គឹមឡម ជួបសំណេះសំណាលលើកទឹកចិត្តបេក្ខជនដែលមានពិការភាពត្រៀមប្រឡងបាក់ឌុប
AKP កំពង់ធំ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តដោយផ្ទាល់ដល់បេក្ខជនបេក្ខនារីចំនួន២៣នាក់ ក្នុងនោះមានបេក្ខជនពិការជើងម្នាក់ដែលត្រៀមខ្លួនចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនទាំងអស់ ជាពិសេសបេក្ខជនដែលមានពិការភាព ដែលបានជម្នះរាល់ឧបសគ្គដើម្បីមកដល់ដំណាក់កាលដ៏សំខាន់នេះហើយលោកបានមានប្រសាសន៍ផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ រក្សាស្មារតីឱ្យបាននឹងនរ កុំមានការតក់ស្លុត និងត្រូវអនុវត្តតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

ដើម្បីជាការលើកទឹកចិត្តនិងជួយសម្រួលដល់ការចំណាយមួយចំនួន លោក សាយ គឹមឡម ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដោយបានផ្តល់ជូនបេក្ខជនដែលមានពិការភាពជើងមកពីស្រុកស្ទោងនូវថវិកាចំនួន១៥ម៉ឺនរៀល និងបេក្ខជនចំនួន ២២នាក់ផ្សេងទៀត ក្នុងម្នាក់ៗទទួលបានថវិកា៣ម៉ឺនរៀលផងដែរ។

ទន្ទឹមនឹងនេះ បេក្ខជនទាំងអស់បង្ហាញនូវទឹកមុខរីករាយ និងថ្លែងអំណគុណដល់លោកអភិបាលស្រុក និងបានប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាពដើម្បី ប្រឡងឱ្យជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា និងនាំមកនូវមោទនភាពសម្រាប់ខ្លួនឯងគ្រួសារ និងសង្គមជាតិ៕

ដោយ ស៊ុម វណ្ណា





