ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅវិទ្យាល័យព្រះសីហនុ
AKP កំពង់ចាម ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- នៅថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ សម័យប្រឡង៖ ២៨ សីហា ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ នៅវិទ្យាល័យព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងឱ្យបានល្អ ព្រោះវិញ្ញាសាទាំងអស់នេះគឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត ល្អណាស់។ក្មួយៗជាបេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឱ្យរឹងមាំនៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឱ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ ព្រមទាំងត្រូវគោរពឱ្យបានល្អនូវបទបញ្ជាផ្ទៃក្នុង វិន័យក្នុងពេលប្រឡង និងស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឱ្យបានខ្ជាប់ខ្ជួន។ ការប្រឡងគឺជាកាវាស់ស្ទង់នូវចំណេះដឹង សមត្ថភាពរបស់ក្មួយៗដែល បានសិក្សាកន្លងមកដើម្បី អនាគតរបស់ខ្លួន ក្នុងការសម្រេចចិត្តក្នុងការស្វែងរកការងារឬក៏សិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត។បេក្ខជនទាំងអស់ត្តចាំថាលទ្ធផលទទួលបានគឺឈរលើគោលការទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

បើតាមការបញ្ជាក់របស់លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជនសរុបចំនួន ៩,៦៤១នាក់ មានមណ្ឌលប្រឡងចំនួន១៥មណ្ឌលស្ថិតនៅក្នុងក្រុងកំពង់ចាម១០មណ្ឌល ស្រុកកំពង់សៀម២មណ្ឌល និងស្រុកជើងព្រៃ៣មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន០៥មណ្ឌល ស្មើនឹង១២៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង២៦០បន្ទប់៕


ដោយ ឆាយ ម៉ុត





