រដ្ឋលេខាធិការក្រសួងដែនដី និងអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកស្រោមវិញ្ញាសារដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ដល់២៩ ខែសីហា ឆ្នាំ២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសបើកស្រោមសំណេរឯកសារវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្អូនៗជាសិស្សថ្នាក់ទី១២ទាំងអស់ ដោយគូសបញ្ជាក់ថា ថ្ងៃនេះជាមោទនភាពដែលប្អូនៗបានខិតខំសិក្សារៀនសូត្ររយ:ពេល១២ឆ្នាំកន្លងមក ហើយសម្រាប់ថ្ងៃនេះប្អូនៗត្រូវបញ្ចេញឱ្យអស់លទ្ធភាពនូវចំណេះដឹងរបស់ប្អូនៗដែលទទួលបាននាពេលកន្លងមក ព្រោះកាលណាបើយើងចេះ យើងនឹងប្រឡងជាប់ជាក់ជាមិនខាន និងសូមជូនពរឱ្យប្អូនៗប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសAគ្រប់គ្នា ហើយបើប្អូនប្រឡងទទួលបាននទ្ទេស A និងទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមទៀតថា ចំពោះវិញ្ញាសារប្រឡងនាពេលនេះត្រូវបានចាក់សោបិទជិតល្អ មិនមានការរហែកនោះទេ ទន្ទឹមនោះដោយមានការចូលរួមពិនិត្យលើស្រោមសំណេរពីគណ:មេប្រយោគ និងបេក្ខជនប្រឡងបានចុះហត្ថលេខាលើសំណេរប្រឡងផងដែរ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២៤-២០២៥ ខេត្តព្រះសីហនុមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន៥មណ្ឌល ក្នុងនោះក្រុងព្រះសីហនុមាន៣មណ្ឌល និងស្រុកព្រៃនប់មាន២មណ្ឌល ស្មើនឹង៩២បន្ទប់ ដែលមានបេក្ខជនសរុបចំនួន២២២៤នាក់ ស្រី១១៥០នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានគណមេប្រយោគទូទាំងខេត្តចំនួន៤នាក់ ស្រី២នាក់ អង្គភាពប្រឆាំងអំពើពុករលួយ៨នាក់ អប្បមាទទូទាំងខេត្តចំនួន១១នាក់ ស្រី៣នាក់ ជំនួយការអប្បមាទ៥១នាក់ ស្រី៤០នាក់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមមណ្ឌលប្រឡងទាំង៥ក្នុងក្រុងព្រះសីហនុ ក៏ដូចមណ្ឌលក្នុងស្រុកព្រៃនប់មានសភាពស្ងៀមស្ងាត់ល្អ ដោយមានការចូលរួមការពារសន្តិសុខ សុវត្ថិភាពដោយកងកម្លាំងសមត្ថកិច្ច ដូចជា កម្លាំងស្នងការនគរបាល និងកងរាជអាវុធហត្ថផងដែរ៕
ដោយ ងូ សុមុនី





