ឯកឧត្តម អ៊ុំ រាត្រី ក្រើនរម្លឹកសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ខិតខំប្រឹងប្រែងដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរម្លឹកដល់សិស្សថ្នាក់ទី១២ទាំងអស់ឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អប្រសើរ។ ការប្រឹងប្រែងនេះមិនត្រឹមតែសម្រាប់អនាគតផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីចូលរួមចំណែកបង្កើតធនធានមនុស្សល្អសម្រាប់សង្គមជាតិទាំងមូលផងដែរ។ ការក្រើនរម្លឹកនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញបើកហិបកាត់វិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងភាគីពាក់ព័ន្ធទាំងអស់នឹងបន្តខិតខំរៀបចំការប្រឡងបាក់ឌុបនេះ ដោយគោរពតាមគោលការណ៍សំខាន់ៗទាំងបួនគឺ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដែលសរុបមកគឺ “អ្នកចេះជាប់”។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ឱ្យគោរពបទប្បញ្ញត្តិប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌល ឬបន្ទប់ប្រឡងជាដាច់ខាត។ ដើម្បីធានាបាននូវបរិយាកាសប្រឡងប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ អភិបាលខេត្តក៏បានសង្កត់ធ្ងន់ទៅលើការដាក់ពង្រាយកម្លាំងសមត្ថកិច្ចឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់នៅតាមមណ្ឌលប្រឡងទាំងអស់។ នេះគឺដើម្បីបង្កើតលក្ខខណ្ឌអំណោយផលឱ្យបេក្ខជនអាចបញ្ចេញសមត្ថភាពរបស់ខ្លួនបានយ៉ាងពេញលេញ ដោយគ្មានការភ័យខ្លាច ឬរំខាន។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ ខេត្តបន្ទាយមានជ័យមានបេក្ខជនដាក់ពាក្យប្រឡងសរុប៦,៥៥២នាក់ ក្នុងនោះមានបេក្ខនារី ៣,៧២៥ នាក់។ ការប្រឡងនេះត្រូវបានរៀបចំឡើងនៅតាមមណ្ឌលប្រឡងចំនួន៨កន្លែង រួមមាន៖ មណ្ឌលបឋម ហ៊ុន សែន សូភី (៦៥០នាក់) វិទ្យាល័យ ហ៊ុន សែន ខ្លាកូន (៦២៥នាក់) សាកលវិទ្យាល័យជាតិមានជ័យ (៥៥០នាក់) វិទ្យាល័យសិរីសោភ័ណ (១,១៥០នាក់) វិទ្យាល័យសម្តេចឪ (៥០០នាក់) សាកលវិទ្យាល័យ UME (១,០២៥នាក់) វិទ្យាល័យ សកពន អូរអំបិល (១,១៥០ នាក់) អនុវិទ្យាល័យទឹកថ្លា (៥០២នាក់)។ ការប្រឡងដ៏សំខាន់នេះនឹងដំណើរការទៅដោយតម្លាភាព និងយុត្តិធម៌ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់អាចសម្រេចបានក្តីសុបិនរបស់ខ្លួន និងក្លាយជាធនធានដ៏មានតម្លៃសម្រាប់អនាគតជាតិ៕


ដោយ ឈុន សារ៉ាត





