ក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និងដំឡើងយានយន្តនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍ដំឡើងរថយន្ត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និងដំឡើងយានយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍ដំឡើងរថយន្ត រួមទាំងការនាំចូលរថយន្ត ស្របតាមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការកំណត់ពេលអនុវត្តគោលការណ៍លើកទឹកចិត្ត សម្រាប់គម្រោងដំឡើងរថយន្តថ្មីក្នុងស្រុក នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំតំណាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារអគ្គនាយកដ្ឋានគោលនយោបាយ និងមន្រ្តីជំនាញពាក់ព័ន្ធ។

អង្គប្រជុំបានពិភាក្សាលើរបៀបវារៈនេះទាំងក្នុងទិដ្ឋភាពគោលនយោបាយ ច្បាប់ និងសេដ្ឋកិច្ច ព្រមទាំងការប្រកួតប្រជែងដោយស្មើភាព និងការជំរុញឧស្សាហកម្មយានយន្តក្នុងស្រុក។ អង្គប្រជុំបានឯកភាពរួមគ្នាថា ការលើកទឹកចិត្តគម្រោងដំឡើងរថយន្ត និងការនាំចូលរថយន្ត ត្រូវផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់សេដ្ឋកិច្ច ជំរុញការអភិវឌ្ឍឧស្សាហកម្មយានយន្តក្នុងស្រុក ជាមួយនឹងការប្រកួតប្រជែងដោយស្មើភាព ដោយត្រូវមានសង្គតិភាពជាមួយនឹងច្បាប់ និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ អង្គប្រជុំបានសម្រេចរៀបចំការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលការណ៍ដំឡើងយានយន្តរបស់ក្រុមហ៊ុនដល់ទីតាំងរោងចក្រផ្ទាល់ នាពេលដ៏ខ្លីខាងមុខ ដើម្បីពិនិត្យបន្ថែមលើលក្ខខណ្ឌដែលក្រុមហ៊ុនបានបំពេញ៕

ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)





