បេក្ខជនប្រឡងបាក់ឌុបដែលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានមកកាន់មណ្ឌលប្រឡង និងដាក់ឱ្យប្រឡងបន្ទប់ដោយឡែក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥--នៅ ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបបេក្ខជនដែលបានជួបគ្រោះថ្នាក់ចរាចរណ៍មួយរូបត្រូវបានដាក់ឱ្យប្រឡងបន្ទប់ដោយឡែក និងបេក្ខជនមួយចំនួនទៀតបានចូលប្រឡងធម្មតា។

យោងតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាបេក្ខជនឈ្មោះ លីសា លីដូ បន្ទប់លេខ ១៧ លេខតុ ៤០៦បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានមកដល់មណ្ឌលប្រទ្បង ដោយបានអ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ និងជំនួយការអប្បមាទ ជួយជូនមកបន្ទប់ប្រទ្បងដាច់ដោយទ្បែកនៅអគារ “ឃ” ជាន់ផ្ទាល់ដី បន្ទប់ប្រែរូប ០៩។

ដោយឡែកបេក្ខជនមួយរូបទៀតឈ្មោះ វេង គីមម៉េង បន្ទប់លេខ ១១ លេខតុ ២៦៧បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥បានមកដល់មណ្ឌលប្រទ្បង ធម្មតា។
សម្រាប់នាព្រឹកប្រឡងថ្ងៃដំបូងនៃថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥នេះដែរ ក៏មាន បេក្ខជនជាសិស្សស្រីមួយរូបទៀតឈ្មោះ ខន ស្រីពីន ភេទស្រី លេខតុ៣៦៤ បានជួបគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូ) រងរបួសមាត់ និងជង្គុងត្រូវបានគ្រូពេទ្យប្រចាំមណ្ឌល នាំទៅពិនិត្យលាងរបួស។បេក្ខជននេះបានបន្តការប្រឡងបានធម្មតា។

គួរបញ្ជាក់ថាក្នុងដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕

ដោយ៖មករា





