សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទទួលអំណោយពីក្រុមហ៊ុនអ៊ីអេហ្វជី
AKP បាត់ដំបង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត ក្នុងនាមឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុនអ៊ីអេហ្វជី (Express Food Group Co.,Ltd.) ដែល បានឧបត្ថម្ភ អង្កចំនួន ២០ការ៉ុង ៥០០គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន២០យួរ មីខ្លាឃ្មុំចំនួន២០កេស និងសំពត់តង់ទំហំ ៤ម៉ែត្រគុណ ៥ម៉ែត្រ ចំនួន ២០តង់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងរង់ចាំទទួលអំណាយមនុស្សធម៌របស់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង CAMBODIAN RED CROSS BTB មានដូចខាងក្រោម៖ ធនាគារអេប៊ីអេ (ABA) គណនីប្រាក់ដុល្លារលេខ៖ 003585971 (USD) គណនីប្រាក់រៀលលេខ៖ 003585989 (KHR)។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត ទូរសព្ទលេខ៖ 012 873 536 លោក សុវណ្ណ វិទិត្យ ហេរញ្ញិកគណៈកម្មាធិការសាខា ទូរសព្ទ័លេខ៖ 077 630 834 លោក កុសុម សុភីនារ៉ានាយកប្រតិបត្តិសាខាខេត្ត ទូរសព្ទ័លេខ៖ 061 818 116 ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





