ឯកឧត្តម ប្រាក់ សុខយូរ ចូលរួមកិច្ចប្រជុំពិភាក្សាការពារថវិការកម្រិតថ្នាក់ដឹកនាំលើគម្រោងផែនការថវិកាឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា នារសៀលថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញពាក់ព័ន្ធ ចូលរួមប្រជុំពិភាក្សា លើគម្រោងថវិកាឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំពិភាក្សានេះដើម្បីពិនិត្យ និងសម្រេចចុងក្រោយលើលទ្ធផលនៃកិច្ចប្រជុំកម្រិតបច្ចេកទេស ក្រោយប្រជុំពិនិត្យពិភាក្សាលើគម្រោងចំណូល ចំណាយសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ជាលទ្ធផលសម្រេចបានល្អប្រសើរ ស្របទៅតាមផែនការថវិកា ឆ្នាំ២០២៦ ដែលក្រសួងបានលើកឡើង ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ទាន់ពេលវេលា ស្របទៅតាមសភាពការណ៍វិវត្តន៍នៃសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន។
ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមប្រធានអង្គប្រជុំ និងសហការី ដែលបានផ្តល់កិច្ចសហការល្អ និងមានភាពយោគយល់ជាច្រើន ក្នុងការសម្របសម្រួលជំរុញឱ្យកិច្ចការនេះសម្រេចបានជោគជ័យ និងសូមអរគុណចំពោះ ក្រុមការងារបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានសហការរៀបចំចងក្រងផែនការថវិកាឆ្នាំ២០២៦ បានយ៉ាងល្អ និងសម្រេចបានលទ្ធផលតាមស្មារតីឯកភាពគ្នានាពេលនេះ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





