ក្រសួងអប់រំ បំរាមមិនឱ្យបង្ហោះប្រធានវិញ្ញាសាក្នុងដំណើការសំណេរ សម្រាប់ការប្រឡងបាក់ឌុប
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥–
ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះបានចេញបំរាមមួយក្នុងការហាមឃាត់បង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥។

ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរ នៃ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ដូចជា៖មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានាការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។បេក្ខជន ត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស៕
ដោយ៖មករា





