ខេត្តកំពង់ចាមធ្វើវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)
AKP កំពង់ចាម ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥-- នៅមន្ទីរផែនការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត នាយកទីចាត់ការផែនការវិនិយោគខេត្ត អភិបាលអភិបាលរងក្រុង- ស្រុក។

ឯកឧត្តមអភិបាលបានមានប្រសាសន៍ថា វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលគឺជាដំណើរការនៃការចូលរួមយ៉ាងសកម្មរបស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់យើងទាំង អស់គ្នា ក្នុងការចូលរួមអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ជាថ្នាក់ក្រោមជាតិ បាននឹងកំពុងយកចិត្តទុកដាក់ជំរុញ និងពង្រឹងការអនុវត្តនូវតួនាទី ភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនប្រសិទ្ធភាពសេវាសាធារណៈ ពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងគ្រប់ផ្នែក ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅ មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្ដមបានថ្លែងថា ខេត្តរបស់យើងបានធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។ កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦- ២០២៨ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បានលើកសំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន៤៤៦គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុកមានចំនួន៩១៦គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មានចំនួន ៤.៦៦២ គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រ សម្រាប់អនុវត្តឆ្នាំ២០២៦។ ដូចនេះស្នើដល់មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ ធ្វើយ៉ាងណាត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬពីដៃគូរនានា បន្តផ្តល់ការគាំទ្រដល់គម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត។ ពិសេសបន្តអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពផងដែរ៕
ដោយ ឆាយ ម៉ុត





