សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះជំងឺមហារីកដោយសារធាតុអាបេស្តុស និងធូលី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះជំងឺមហារីកដោយសារធាតុអាបេស្តុស និងធូលី រៀបចំនៅសណ្ឋាគារ Fairfield by Marriott Phnom Penh នាព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចៀសវាងនៃការប្រើប្រាស់សារធាតុអាបេស្តុស ដែលសារធាតុទាំងនេះនឹងបណ្តាលឱ្យកើតជំងឺមហារីកខ្ពស់ និងការប៉ះពាលដល់ជំងឺមហារីក និងមហារីកសួត ផ្លូវដង្ហើមធ្ងន់ធ្ងរបំផុត។ ដូចនេះ ត្រូវចូលរួមស្វែងយល់បន្ថែមពីសារៈសំខាន់ណាក្នុងការរកវិធានការពារយ៉ាងម៉ឹងម៉ាត់បំផុត។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានលើកទឹកចិត្តយ៉ាងខ្លាំងដល់ការប្រើប្រាស់សម្ភារជំនួសឱ្យសម្ភារអាបេស្តុស និងស៊ីលីកានេះ ក្នុងជំហរក្រសួងដែលគិតគូរពីលើកកម្ពស់សុខុមាលភាពប្រជាជន ក្នុងការកាត់បន្ថយអត្រាព្យាបាល។ ក្រសួងសុខាភិបាលសូមអំពាវនាវឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងពាក់ព័ន្ធ ដើម្បីដាក់ឱ្យមានច្បាប់ទម្លាប់ក្នុងការនាំចូលនូវផលិតផលដែលមានគ្រោះថ្នាក់នេះ។

ឯកឧត្តមសាស្រ្តាចារ្យបានសង្កត់ធ្ងន់ថា សារធាតុអាបេស្តុស និងស៊ីលីកា នឹងសម្លាប់ជីវិតមនុស្សក្នុងរយៈពេលយូរបំផុត ប៉ុន្តែច្បាស់ជាគ្រោះថ្នាក់ដល់អាយុជីវិត ហើយឈានដល់ករណីជំងឺមហារីក។ នៅពីក្រោយនៃជំងឺមហារីក នឹងមានគ្រួសាររងគ្រោះដែលត្រូវបានបំផ្លាញទំាងស្រុងផងដែរ។ ដូចនេះ យើងមិនអាចរស់នៅក្នុងសុខភាពល្អក្នុងបរិស្ថានមួយដែលឈឺ ដោយមានសារធាតុអាបេស្តុស និងស៊ីលីកា ហើយបញ្ជាក់ថាសុខភាពល្អ នៅពេលដែលយើងរស់នៅក្នុងស្ថានភាពជុំវិញដោយជំងឺដែលយើងមើលមិនដឹង។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់អង្គសិក្ខាសាលា ដូចជា៖ ១. ត្រូវបង្កើនការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ឱ្យបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព។ ២. អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងដល់ប្រជាជនពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការកើតជំងឺពាក់ព័ន្ធសារធាតុអាបេស្តុសនៅកម្ពុជានាពេលអនាគត។ ៣. អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ត្រូវបង្កើនចំណេះដឹង ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងផ្តល់ការព្យាបាលជំងឺពាក់ព័ន្ធសារធាតុអាសបេស្តុស។ នៅតាមមន្ទីរពេទ្យត្រូវជំរុញលើកទឹកចិត្តស្រង់ទិន្នន័យនឹងជំងឺមហារីក ដែលពាក់ព័ន្ធនឹងសារធាតុអាបេស្តុស។ ៤. ក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការកាត់បន្ថយការនាំចូល និងប្រើប្រាស់សម្ភារដែលមានផ្ទុកសារធាតុអាបេស្តុស ជាពិសេសសម្ភារសំណង់ប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាពប្រជាជន។ ៥. អាជ្ញាធររាជធានី-ខេត្ត ចូលរួមធ្វើការផ្សព្វផ្សាយដល់ប្រជាជនក្នុងសហគមន៍ ចៀសវាងធ្វើការកែច្នៃឡើងវិញនូវសម្ភារសំណង់ដែលអាចមានផ្ទុកសារធាតុអាសបេស្តុស។
ឯកឧត្តមសាស្រ្តាចារ្យសង្ឃឹមថា សិក្ខាសាលានេះជាការសហការរវាងក្រសួងពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដើម្បីពិភាក្សា និងចូលរួមចែករំលែកនូវចំណេះដឹងបន្ថែមទៅលើឯកទេសដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ហើយរៀបចំជាកម្រងព័ត៌មានជាតិអំពីសារធាតុអាបេស្តុស និងផែនការមេសុខភាពសុវត្ថិភាពការងារ ដែលមានផែនការសកម្មភាពថ្នាក់ជាតិសម្រាប់សារធាតុអាបេស្តុស (ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសូមថ្លែងអំណរគុណចំពោះការគាំទ្រទៅលើផលប៉ះពាល់ពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកជំនាញឯកទេសទាំងអស់អញ្ជើញមកពីប្រទេសអូស្ត្រាលី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់អ្នកជំនាញ និងក្រុមគ្រូពេទ្យនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី១៧ ក្រសួង ស្ថាប័ន មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងលោកស្រី Bridget Collier ភារធារី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាយកទីភ្នាក់ងារសុវត្ថិភាពនិងលុបបំបាត់អាបេស្តុស និងស៊ីលីកា នាយកវិទ្យាស្ថានស្រាវជា្រវជំងឺអាបេស្តុស និងធូលី តំណាងអង្គសុខភាពពិភពលោកប្រចាំនៅកម្ពុជា ប្រធានអង្គការអាហ្វីដាប្រចាំកម្ពុជា និងលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





