ស្រុកពញាឮបិទផ្សាយបញ្ចប់នូវទិន្នន័យជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធបញ្ចប់១០០ភាគរយ
AKP កណ្ដាល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥-- ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានប្រកាសបិទផ្សាយបញ្ចប់១០០ភាគរយ នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៨ភូមិ គឺភូមិថ្នល់ ភូមិចតុទិស ឃុំវិហារលួង ភូមិព្រែកក្តាម១ ភូមិព្រែកក្ដាម២ ឃុំកោះចិន ភូមិខ្លាត្រាំ ភូមិឃ្លាំងស្បែក ភូមិពាមលង្វែក ឃុំកំពង់លួង ភូមិស្លែង ភូមិតាទេព្យ ភូមិត្រពាំងត្រលិត ភូមិពពែ ភូមិតាដៃ ឃុំជ្រៃលាស់ ភូមិស្តុកប្រនួត ភូមិតាពេជ ឃុំឈ្វាំង ភូមិស្រះពោធិ៍ ឃុំផ្សារដែក ភូមិស្តុក ភូមិថ្មី និងភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ សរុបចំនួន១៧៣៣៨ក្បាលដី នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាស្រុកពញាឮ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ការបិទបញ្ចប់ការវាស់វែងក្បាលដីមានលក្ខណៈជាប្រព័ន្ធ គឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយ។ ការចុះបញ្ជីដីធ្លី មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី បានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។ គណៈកម្មការរដ្ឋបាលបានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលក្រុមចុះបញ្ជីដីធ្លីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យក្បាលដីកន្លងមក។ ហើយការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមពិនិត្យមើលទិន្នន័យ បញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ បើផុតកំណត់ខាងលើគណៈកម្មការរដ្ឋបាលសន្មតថា ទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។ ដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅក្នុងស្រុកពញាឮរហូតឈានដល់ការបិទផ្សាយបញ្ចប់នេះមានភាពល្អប្រសើរ ព្រោះអាជ្ញាធរ មន្ត្រីជំនាញ និងប្រជាពលរដ្ឋចូលរួមសហការគ្នាបានល្អ។


លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា ស្រុកដែលបានបិទបញ្ចប់នូវការបិទផ្សាយ ទិន្នន័យក្បាលដី គឺមានស្រុកអង្គស្នួល ស្រុកល្វាឯម ស្រុកមុខកំពូល និងស្រុកពញាឮ ហើយការបិទផ្សាយនាពេលនេះគឺជាលើកទី២៥ សម្រាប់ស្រុកពញាឮ និងជាលើកទី៣០២ សម្រាប់ខេត្តកណ្តាល ហើយការបិទផ្សាយនាពេលនេះមានចំនួន១៨ភូមិស្ថិតនៅឃុំវិហារលួង ឃុំកោះចិន ឃុំកំពង់លួង ឃុំជ្រៃលាស់ ឃុំឈ្វាំង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ មានចំនួន ១៧ ៣៣៨ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





