បេក្ខជនប្រឡងបាក់ឌុបជាច្រើននាក់នៅសៀមរាបនាំគ្នាទៅបន់ស្រន់បារមីព្រះអង្គចេក អង្គចម
AKP សៀមរាប ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥-- បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាច្រើននាក់ បាននាំគ្នាទៅបន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើនពីបារមីព្រះអង្គចេក ព្រះអង្គចម ក៏ដូចជាបារមីព្រលឹងបុព្វបុរសខ្មែរ ថែរក្សាប្រាសាទអង្គរ ដើម្បីឱ្យពួកគាត់ទទួលបានលទ្ធផលល្អ និងកុំឱ្យមានការភ័យខ្លាចក្នុងការប្រឡង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ។

ចាប់តាំងពីព្រឹករហូតដល់រសៀលនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមានយុវជនជាច្រើន ដែលអាចគិតថា ពួកគាត់ជាបេក្ខជនប្រឡងបាក់ឌុប បាននាំគ្នាទៅបួងសួងព្រះអង្គចេក ព្រះអង្គចម ស្ថិតនៅក្បែព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានទាំងធូបទៀន ផ្កាផ្ញី ហើយនាំគ្នាអុចធូប ថ្វាយផ្កាដល់ព្រះបារមីព្រះអង្គ ដើម្បីប្រាថ្នាសុំប្រឡងជាប់ បើទោះបីបាននិទ្ទេសយ៉ាងណាក៍ដោយ។


យុវជនទាំងនេះបានឱ្យដឹងថា ពួកគេមកបួងសួងនៅព្រះអង្គចេក ព្រះអង្គចមនេះ គឺដើម្បីប្រាថ្នាសុំប្រឡងជាប់ សុំឱ្យមានចិត្តរឹងមាំ មិនមានការភ័យខ្លាចពេលប្រឡង ជាពិសេសប្រាថ្នាសុំកុំឱ្យមានជំងឺបៀតបៀនពេលប្រឡង គឺប្រកបដោយសុវត្ថិភាពល្អ។ ពួកគាត់ជឿជាក់ថា ព្រលឹងបុព្វបុរសខ្មែរនៅទឹកដីអង្គរ ជាពិសេសព្រះអង្គចេក ព្រះអង្គ នឹងមានបារមីសក្ដិសិទ្ធិ ជួយតាមថែរក្សាពួកគាត់ឱ្យទទួលបានក្ដីប្រាថ្នាដូចបំណង។ ពួកគាត់បន្ដថា ជំនឿនេះមិនមែនទាំងស្រុងនោះទេ ប៉ុន្ដែប្រពៃណីបន់ស្រន់នេះ មានតាំងពីដូនតាមកម្លេះ ហើយមានមនុស្សគ្រប់ៗគ្នា បានអនុវត្ដជាបន្ដបន្ទាប់រហូតដល់បច្ចុប្បន្ន មិនថាតែធ្វើឡើងក្នុងពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ៕
ដោយ ឃុត សៅ





