មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា និងមេបញ្ជាការកងទ័ពភូមិភាគទី២ ថៃកំពុងពិភាក្សារឿងព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥--ឧត្តមសេនីយ៍ឯក ពៅ ហេងមេបញ្ជាការយោធភូមិភាគទី៤ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)និង គណៈប្រតិភូ ថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការកងទ័ពភូមិភាគទី២ បានកំពុងពិភាក្សារឿងព្រំដែននៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ប្រព្រឹត្តនៅព្រឹកថ្ងៃនេះ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។ គណៈប្រតិភូ ថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាត ឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថេរភាព និងប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័ស៕


ដោយ៖ ប៊ុនរិទ្ធ





