រដ្ឋបាលខេត្តឧត្ដរមានជ័យរៀបចំពិធីអុជធូបបួងសួងថ្វាយគ្រឿងសក្ការៈបូជានៅស្ពានទ័ព និងប្រាសាទព្រហ្មកិល សុំឱ្យវត្ថុស័ក្តិសិទ្ធិជួយថែរក្សាប្រជាពលរដ្ឋ និងការពារទឹកដីកម្ពុជា
AKP ឧត្តរមានជ័យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥--ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃអង្គារទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញប្រារព្ធពិធីអុជធូបបួងសួងថ្វាយគ្រឿងសក្ការៈបូជានៅស្ពានទ័ព និងប្រាសាទព្រហ្មកិល នឹងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជា ការពារសន្តិភាព និងស្ថិរភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត លោកលោកស្រីប្រធានមន្ទីរ លោកអភិបាលក្រុងស្រុក មន្ត្រីរាជការរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ ។ ប្រាសាទព្រហ្មកិល និងស្ពានទ័ព ជាទីតាំងបុរាណមួយដ៏ស័ក្តិសិទ្ធិ ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាទីកន្លែងដែលត្រូវបានរដ្ឋបាលខេត្តជ្រើសរើស សម្រាប់ពិធីដ៏មានសារៈសំខាន់នេះ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានអញ្ជើញអុជធូបបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ ដែលបានថែរក្សាទឹកដីខេត្តឧត្ដរមានជ័យ ក៏ដូចជា តាមប្រាង្គប្រាសាទបុរាណទាំងឡាយ សូមឱ្យទឹកដីកម្ពុជាទាំងមូលមានសុខសន្តិភាព ផុតចាកពីឧប្បត្តិហេតុអាក្រក់នានា និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ រស់នៅដោយក្តីសុខដុមរមនា ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសសុំឱ្យវត្ថុស័ក្តិសិទ្ធិក្នុងដែនដីកម្ពុជាជួយថែរក្សា និងការពារទឹកដីកម្ពុជា ឱ្យមានសន្តិភាព និងចៀសផុតពីការពីសំណាក់ឈ្លានពានថៃ ដែលមានបំណងរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ក៏ដូចជានៅក្នុងក្របខណ្ឌខេត្តទៅបានទៅដោយរលូន គឺបានមកពីប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ ដូចនេះពិធីបួងសួងនាពេលនេះ គឺក្នុងបំណងសុំសេចក្តីសុខជួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងប្រទេសជាតិរបស់យើងឱ្យជួបតែសេចក្តីសុខ៕

ដោយ ទិត ស្រ៊





