រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥-- លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោកនាយក រដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ក្នុងឱកាសនោះ លោក ឈឹម វុទ្ធា បានមានប្រសាសន៍ថា លទ្ធផលដែលយើងសម្រេចបានគឺពិតជាមិនអាចកាត់ផ្ដាច់បានពីការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារ ថែរក្សាបាននូវសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសសៀម និងបង្ការទប់ស្កាត់បង្ក្រាបបានជាបន្តបន្ទាប់នូវបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្ត និងដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់ថ្នាក់មន្ទីរអង្គភាពជុំវិញខេត្តក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ។

ទន្ទឹមនឹងនេះ លោកបានបន្តថា ដោយសារដោយសារដំណាច់ខែសីហានេះ មានសេសសល់ការងារមួយចំនួន មានការពាក់គងគ្នានិងខែក្នលងមក និងការងារថ្មីៗជាច្រើនទៀតកំពុងរង់ចាំដែលទាមទារនូវបទពិសោធន៍ភាពច្នៃប្រឌិតឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែមទៀតនោះដែលទាមទារឱ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាធ្វើការវាយតម្លៃបញ្ហាប្រឈមមូលហេតុនៃបញ្ហាប្រឈម និងជម្រើសនានាសម្រាប់ជាដំណោះស្រាយ ជាមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពអនុវត្តន៍ទិសដៅ និងភារកិច្ចដើម្បីយកមកអនុវត្តបន្តទៅមុខទៀត។

ក្នុងបរិបទនេះលោកអភិបាលរងបានបញ្ជាក់ទៀតថា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយផ្អែកតាមសក្ដានុពល និងតម្រូវការជាក់ស្ដែរបស់ខេត្ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដម្បីអភិវឌ្ឍន៍ប្រទេសជាតិរុងរឿង។ ទោះជាយ៉ាងនេះក្ដីបច្ចុប្បន្នយើងនូវតែបន្តទទួលជំនួយពីសប្បុរសជនដើម្បីឧបត្ថម្ភដល់កងទ័ពជួរមុខ គ្រួសារកងទ័ព និងពលរដ្ឋភៀសឹក ពីការឈ្លានពានពីប្រទេសសៀម៕

ដោយ បៃ ស៊ីថុន





