ឯកឧត្តម សុខ លូ ជួបពិភាក្សាការងារជាមួយអគ្គកុងស៊ុលនៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប
AKP បាត់ដំបង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុលនៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុលនៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង និងបានមានប្រសាសន៍ថា ខេត្តបាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង ១៤៤,៨ គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់ ៣ ជាមួយប្រទេសថៃ។ ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល លើ វិស័យ កសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង ១លាន ៣សែននាក់ មាន១៤ ក្រុង ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម។ ខេត្តបាត់ដំបងគឺជាខេត្តដែលកំពុងអភិវឌ្ឍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបងមានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា និងអភិរក្ស។

ឯកឧត្តមអភិបាលខេត្តបានស្នើភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគកូរ៉េ មកបណ្ដាក់ទុនរកស៊ីនៅ កម្ពុជាលើការកែច្នៃផលិតផលកសិកម្មដ៏សំបូរបែប។ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តម សុខ លូ ថ្លែងថា ប្រទេសកម្ពុជាចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ហើយកម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងណាមួយទេ គឺចង់បានសន្តិភាព ដូច្នេះសូមឱ្យ ឯកឧត្តមអគ្គកុងស៊ុលជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជាដើម្បីទទួលបានសន្តិភាព។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងានេះដែរ ឯកឧត្តមKIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមអគ្គកុងស៊ុលបានគូសបញ្ជាក់ថា ការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណងស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈកូរ៉េដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





