លោក ថាំង វីយុទ្ធដា ណែនាំដល់ក្រុមការងារត្រូវចងក្រងសៀវភៅបច្ចុប្បន្នភាពក្រុមបក្សផែនទីខ្នងផ្ទះដើម្បី ប្រសិទ្ធភាពការងារ
AKP កំពង់ធំ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោងបានណែនាំដល់ក្រុមការងារ ត្រូវចងក្រងសៀវភៅបច្ចុប្បន្នភាពក្រុមបក្សនិងផែនទីខ្នងផ្ទះដើម្បីប្រសិទ្ធភាពការងារ។

ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងអញ្ជើញដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រធាន និងអនុប្រធានក្រុមបក្ស មកពីភូមិបេងនិងភូមិគោកសណ្តែកចំនួន៩៤នាក់ ដើម្បីស្វែងយល់ពីជីវភាពនិងបញ្ហាប្រឈមរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោងឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះលោកថាំង វីយុទ្ធដាបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹកនឹងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងជាពិសេសបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រស្អេកឆ្កះនិងចូលរួមអភិវឌ្ឍន៍ស្រុកស្ទោងឥតឈប់ឈរដូចដែលបានឃើញជាក់ស្ដែងរាល់ថ្ងៃនេះ។ទន្ទឹមនឹងនេះលោកប្រធានក៍បានឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាឃុំចំនួន ៤នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល យុវជនឃុំ ៤នាក់ ម្នាក់ៗ១០ម៉ឺនរៀល មេភូមិ អនុភូមិជំនួយការភូមិ ៦នាក់ ម្នាក់ៗ ៥ម៉ឺនរៀល មន្ត្រីប៉ូលិស ៣នាក់ ម្នាក់ៗ៣ម៉ឺនរៀល ប្រជាការពារ ៥នាក់ ម្នាក់ៗ៣ម៉ឺនរៀលនិងប្រធាន អនុប្រធានក្រុមបក្ស ៩៤នាក់ ក្នុងម្នាក់ៗ ៣ម៉ឺនរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ថាំង វីយុទ្ធដា និងក្រុមការងារ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខដល់ គ្រួសារវីរកងទ័ពជួបមុខ ជួង លៀប ដែលបានពលីនៅសមរភូមិ និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគរួមមាន÷អង្ករ ចំនួន៥០គីឡូ ត្រីងៀត ២គីឡូ ក្រាម សាច់ក្រក ២គីឡូក្រាមមី ១កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរនិងថវិកាចំនួន២០ម៉ឺនរៀលថែមទៀត៕
ដោយ៖ ប៊ុន រិទ្ធ





