អត្តពលិកតេក្វាន់ដូ WT ដណ្តើមបានមេដាយ ១២គ្រឿង ការប្រកួតតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍ នៅវៀតណាម
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
កីឡាករ កីឡាការិនីរបស់ខេមរសហព័ន្ធតេក្វាន់ដូដណ្តើមបានមេដាយសរុប ១២គ្រឿង នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៧ (17th ATF Taek wondo Championships) ចាប់ពីថ្ងៃទី១៨-២១ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Khanh Hoa ប្រទេសវៀតណាម។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិបាននិយាយថា ក្រុមប្រតិភូកីឡាតេក្វាន់ដូ WT កម្ពុជាបានធ្វើដំណើរវិលត្រឡប់ពីការប្រកួតមកដល់ភ្នំពេញ កាលពីយប់រំលងចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ ការប្រកួតតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៧ ឆ្នាំ២០២៥ នៅប្រទេសវៀតណាម គឺកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូកម្ពុជាដណ្តើមបានមេដាយសរុប ១២គ្រឿង ក្នុងនោះមានមេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធ ៨ គ្រឿង។ មេដាយប្រាក់ ៤គ្រឿង (៤វិញ្ញាសា) ដណ្តើមបានដោយកីឡាករ សេង ម៉េងឈុន ប្រយុទ្ធទម្ងន់ក្រោម ៤៨ គីឡូក្រាម (អាយុក្រោម ១៧ឆ្នាំ) កីឡាករ រ៉ង លីគួង ប្រយុទ្ធទម្ងន់ក្រោម ៥៤គីឡូក្រាម កីឡាការិនី រ៉េត ផាន់ម៉ូនីកា ប្រយុទ្ធទម្ងន់ក្រោម ៤៦គីឡូក្រាម និងកីឡាការិនី ថាច់ ធីឌឿក ប្រយុទ្ធទម្ងន់ក្រោម ៥៣ គីឡូក្រាម។

ចំណែកមេដាយសំរឹទ្ធ ៨គ្រឿង (៨វិញ្ញាសា) ដណ្តើមបានដោយកីឡាករ គា សុខធា ប្រយុទ្ធទម្ងន់ក្រោម ៥៥គីឡូក្រាម (អាយុក្រោម ១៧ឆ្នាំ) កីឡាករ សម្បត្តិ ឧត្តម ប្រយុទ្ធទម្ងន់ក្រោម ៥៥គីឡូក្រាម (អាយុក្រោម ១៧ឆ្នាំ) កីឡាការិនី ហេង ម៉ាលីស ប្រយុទ្ធទម្ងន់ក្រោម ៤៦គីឡូក្រាម (អាយុក្រោម ១៧ឆ្នាំ) កីឡាករ រិន សុផានិត ប្រយុទ្ធទម្ងន់ក្រោម ៦៣គីឡូក្រាម កីឡាករ មៀន សួរស័យយិ ប្រយុទ្ធទម្ងន់ក្រោម ៦៨គីឡូក្រាម កីឡាការិនី ម៉ម ជូលី ប្រយុទ្ធទម្ងន់ក្រោម ៦២ គីឡូក្រាម កីឡាការិនី វ៉ាន់ បូរី ប្រយុទ្ធទម្ងន់ក្រោម ៦៧ គីឡូក្រាម និងកីឡាការិនី សុខ ស្រីតូច ប្រយុទ្ធទម្ងន់ក្រោម ៧៣គីឡូក្រាម។

លោក ជាតិ ខេមរា បានបន្ថែមទៀតថា ខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជូនមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីសរុប ១៩នាក់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ដោយមាន៨ប្រទេសចូលរួម មានដូចជាកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះវៀតណាម។ លោកចាត់ទុកថា ការប្រកួតកីឡាតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍នេះពិតជា សំខាន់ណាស់ចំពោះកីឡាករ កីឡាការិនីកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស ត្រៀមការប្រកួតអន្តរជាតិសំខាន់ៗមួយចំនួន នាចុងឆ្នាំ២០២៥នេះ៕
ដោយ ហេង ណាលីន





