សម្តេចតេជោ បញ្ជាក់ថាសម្តេចមិនមានមោទនភាពចំពោះសញ្ញាបត្ររបស់សាលារបស់ថៃនោះទេ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ --សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនមានមោទនភាពអ្វីទាល់តែសោះ ដែលបានកាន់សញ្ញាបត្រពីសាលាថៃ ដោយសម្តេចបានបញ្ជាក់ថា សម្តេចបានបោះបង់ចោលវាតាំងពីយូរយារណាស់មកហើយ ព្រោះវាគ្មានតម្លៃសោះឡើយសម្រាប់រក្សាទុក។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោបានលើកឡើងថា
«ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក! សាលាទីមួយ ទទួលនៅឆ្នាំ២០០១ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ»។
សម្តេចតេជោបានបន្តថា ខួរក្បាល និងចំណេះដឹងរបស់សម្តេចមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់សាលារៀនថៃនោះទេ តែគឺប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជាទេ គឺជាអ្នកបង្រៀនសម្តេច។

សម្តេចបានមានប្រសាសន៍ថា «ខ្ញុំគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖
ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី»។

សម្តេចបានបន្ថែមទៀតថា «ខ្ញុំគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឲ្យទទួលសញ្ញាបត្រនោះ អមដោយការវាយតម្លៃមកជាមួយផង។ ឯការសម្រេចទទួល ឬមិនទទួលស្ថិតនៅលើ ហ៊ុន សែន ព្រោះខ្ញុំក៏មិនចេះតែទទួលយកនោះដែរ»៕
ដោយ នីកា





