សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលក្នុងដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលក្នុងដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ បន្ថែមពីលើនេះ សម្តេចតេជោបានបញ្ជាក់ថា មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ ពោលគឺធ្វើដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើង។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នឹងដែលបានធ្វើកិច្ចការនេះតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 បានសម្តែងការសោកស្តាយចំពោះការលុបចោល MOU នេះជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផលថា គ្មានវឌ្ឍនភាព។ សម្តេចតេជោបានចោទជាសំណួរថា តើគ្មានវឌ្ឍនភាពដោយសារអ្វី? រឿងនេះមានតែភាគីថៃខ្លួនឯងទេដឹងច្បាស់ជាងនរណាទាំងអស់ ពីព្រោះថា តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឆ្នាំ២០០៦?
សម្តេចតេជោបន្តថា កម្ពុជាធ្វើដំណើរដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នា ថៃផ្លាស់ប្តូរនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ? នេះគឺជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន មុននឹងបញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញជំហរបន្តការចរចា។ សូម្បីរដ្ឋាភិបាលនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូនឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយសម្តេចនៅផ្ទះតាខ្មៅដែរ កាលពីឆ្នាំ២០១០។
សម្តេចតេជោសង្កត់ធ្ងន់ថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ ដូច្នេះសូមកុំចោទប្រកាន់ថា កម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថា ធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឱ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សម្តេចតេជោ សង្ឃឹមថា កម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។ ចំណែកស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែរ៕

ដោយ៖ គង់ សិរីរ័ត្ន





