លោក សុខ ភា ទទួលជំនួបសម្ដែងការគួរសមជាមួយមន្ត្រីតំណាងនាវា MV Doulos Hope
AKP ព្រះសីហនុ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្ដែងការគួរសមជាមួយមន្ត្រីតំណាងនាវា MV Doulos Hope ដឹកនាំដោយលោក ប៉ាន សុជាតិ តំណាងនាវា MV Doulos Hope ប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥។

លោកអភិបាលរងខេត្តបានស្វាគមន៍តំណាងប្រតិភូនាវា MV Doulos Hope របស់អង្គការ GBA Ships e.v ដែលបានមកកាន់ខេត្តព្រះសីហនុជាលើកទី២ ពីអំឡុងចុងឆ្នាំ២០២៣ ព្រមទាំងបានជម្រាបជូនពីភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានក្រុង៣ ស្រុក៣ មានឃុំ សង្កាត់២៩ ស្មើ ១១១ភូមិ ហើយវិស័យដែលមានសក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានផលិតផលសរុបចំនួន ១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP per capital) ចំនួន៤.៦០២ដុល្លារអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% បានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២%។ បច្ចុប្បន្នរាជរដ្ឋាភិបាល បានជ្រើស រើសយកខេត្តព្រះសីហនុ អភិវឌ្ឍន៍ទៅជាខេត្ត "តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងការការពារ និងថែរក្សាបរិស្ថាន។

លោក ប៉ាន សុជាតិ តំណាងនាវា MV Doulos Hope ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណលោកអភិបាលរងខេត្តព្រះសីហនុ និងសហការី ដោយបានជម្រាបជូនពីការចូលចតរបស់នាវា MV Doulos Hope នៅខេត្តព្រះសីហនុ ដែលមានសហសេវិក៤៦នាក់ និងបុគ្គលិក ៥៩នាក់ មាន ៣០សញ្ជាតិ ហើយនេះមិនមែនជាពិពណសៀវភៅមួយមុខនោះទេ ក្រុមការងារក៏បានចូលរួមការងារក្នុងសហគមន៍ប្រជាពលរដ្ឋមានដូចជា ការចែកវេនតា ក៏ដូចជាការចូលរួមអភិវឌ្ឍផ្នែកទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។

តំណាងនាវា MV Doulos Hope បានស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តព្រះសីហនុ ឱ្យនាវា MV Doulos Hope ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីឆ្នាំ២០២៣ ដែលបានចូលរួមសាងសង់អគារ ការចែកវ៉ែនតា ការប្រកួតកីឡាជាដើម ហើយចំពោះការពាក់ព័ន្ធនឹងការសម្ពោធបើកកម្មវិធី នៃការចូលចតលើកទី៣នេះ គឺចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏សូមអញ្ជើញ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ចូលរួមសម្ពោធបើកពិព័ណសៀវភៅផងដែរ ទន្ទឹមនោះក៏សូមជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋចូលរួមទស្សនាពិព័រណ៍សៀវភៅនៅលើនាវា MV Doulos Hope។ លោកក៏បានសុំឱ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ជាពិសេសវិស័យអប់រំ និងទេសចរណ៍។ ដំណើនៃការចូលចតរបស់នាវា MV Doulos Hope បុគ្គលិក និងចូលរួមការងារសហគមន៍មានដូចជា ការចែកធុងរចម្រោះទឹកស្អាត និងពិនិត្យចែកវេនតាជូនប្រជាពលរដ្ឋ និងចូលរួមថែរក្សាអនាម័យនៅតាមតំបន់ឆ្នេរ ក្នុងខេត្តព្រះសីហនុ។ នៅលើនាវាមានសៀវភៅចំនួនជាង ២ ០០០មុខ ហើយក្នុងមួយម៉ោងអាចទទួលឱ្យប្រជាពលរដ្ឋចូលទស្សនាចំនួន២៥០នាក់ គឺចាប់បើកពីម៉ោង១រសៀល ដល់ម៉ោង៨យប់ និងចាប់បើកដំណើការពីថ្ងៃទី១៦ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។


ជាការឆ្លើយតប លោកអភិបាលរងខេត្តព្រះសីហនុចូលរួមសហការសម្របសម្រួលជាមួយក្រុមការងាររបស់នាវា MV Doulos Hope នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទទួលបានលទ្ធផលតាមការគ្រោងទុក៕
ដោយ ងូ សុមុនី





