និន្នាការនៃការកក់កន្លែងស្នាក់នៅខេត្តសៀមរាប បង្ហាញពីភាពវិជ្ជមានសម្រាប់ត្រីមាសទី៤
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- វិស័យទេសចរណ៍ខេត្តសៀមរាប បង្ហាញសញ្ញាវិជ្ជមានដោយនិន្នាការនៃការកក់កន្លែងស្នាក់សម្រាប់ត្រីមាសទី៤ នៃឆ្នាំ 2025 នៅតែមានភាពវិជ្ជមានខ្ពស់ នេះបើយោងតាមទិន្នន័យនៃការកក់កន្លែងស្នាក់ពីរសប្តាហ៍ដំបូងនៃខែសីហារបស់ Booking.com។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ទិន្នន័យនេះបានឱ្យដឹងថា ភ្ញៀវទេសចរភាគច្រើនកក់កន្លែងស្នាក់ទុកមុនរយៈពេល ៩១ថ្ងៃ ឬច្រើនជាងនេះ សម្រាប់ដំណើរកំសាន្តរបស់ពួកគាត់មកកាន់ខេត្តសៀមរាបក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៥ ដែលជាអំឡុងពេលសំបូរភ្ញៀវទេសចរអន្តរជាតិ (High Season)។ ការកក់ទុកក្នុងរយៈពេលពី៣១ ទៅ៩០ថ្ងៃ ឈរលំដាប់ទី២ដែលស្រប តាមនិន្នាការភ្ញៀវទេសចរអញ្ជើញមកទស្សនាព្រឹត្តិការណ៍សមរាត្រីអង្គរវត្ត (Angkor Wat Equinox) នៅក្នុងខែកញ្ញា។

របាយការណ៍នេះបញ្ជាក់ថា ជាង៤០ភាគរយនៃការកក់ កំណត់យករយៈពេលសម្រាប់ការស្នាក់ពី៣ ទៅ៧យប់ ក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាប។ ប្រមាណ៩០ភាគរយនៃការកក់លើប្រព័ន្ធ Booking.com ជាភ្ញៀវទេសចរអន្តរជាតិ ដែលក្នុងនោះភ្ញៀវទេសចរពីសហរដ្ឋអាមេរិកឈរលំដាប់ទី១ បន្ទាប់មកគឺ ភ្ញៀវពីប្រទេសបារាំង ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់។ បន្ថែមពីនេះ ទិន្នន័យនេះបានបង្ហាញថា ប្រមាណ៧០ភាគរយនៃការកក់ ជាប្រភេទភ្ញៀវធ្វើដំណើរជាដៃគូ។ នេះបានបង្ហាញថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តជាដៃគូ។
គួរបញ្ជាក់ដែរថា ទូរសព្ទដៃ គឺជាឧបករណ៍ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេសម្រាប់ការកក់។ នេះបង្ហាញពី សារៈសំខាន់នៃការផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍លើគេហទំព័រប្រព័ន្ធបណ្តាញសង្គម ដែលតម្រូវតាមទូរសព្ទដៃ ដើម្បីទាក់ទាញភ្ញៀវទេសចរប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ AKP





