កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ និងធ្វើផែនការបន្តរបស់យុវជនកាកបាទក្រហមកម្ពុជាប្រចាំ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាមានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ និងធ្វើផែនការបន្តរបស់យុវជនកាកបាទក្រហមកម្ពុជាប្រចាំ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយមានវត្តមានថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល ខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ សរុបចំនួន៦៦នាក់ ។

ឯកឧត្តម ពិត ចំណាន ប្រធានអង្គប្រជុំបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជននិងអ្នកស្ម័គ្រចិត្ត ជូនដល់អង្គប្រជុំទាំងមូល ជាពិសេសក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែយកព្រះទ័យនិងយកចិត្តទុកដាក់ តាមដានជាប់ជានិច្ច និងគាំទ្រដល់គ្រប់សកម្មភាពរបស់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា។
ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាឱ្យបានស៊ីជម្រៅសម្រាប់ការអនុវត្តសកម្មភាពការងាររបស់យុវជនកាកបាទក្រហមកម្ពុជា និងឆ្លុះបញ្ចាំងពីការបំពេញតាមតួនាទី ភារកិច្ច និងស្មារតីជាក្រុមរបស់យុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ក្នុងរាជធានីភ្នំពេញ ឱ្យមានចលនារស់រវើកស្របតាមវិស័យអាទិភាពការអភិវឌ្ឍស្ថាប័ន ដែលបានចាត់ទុកកម្លាំងយុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការស្ម័គ្រចិត្តនៅមូលដ្ឋាន និងតាមគ្រឹះស្ថានសិក្សា សំដៅសម្រេចបានបេសកកម្មមនុស្សធម៌ និងយុទ្ធសាស្រ្តរបស់កាកបាទក្រហមកម្ពុជា ២០២១-២០៣០។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងបញ្ជាក់ពីតួនាទី-ភារកិច្ចរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលត្រូវតែសិក្សាឱ្យបានច្បាស់លាស់អំពីច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសការប្រើប្រាស់និងការការពារបដិរូបកាកបាទក្រហម និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍គ្រឹះទាំង៧របស់ចលនា នៅពេលចុះទៅបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អ និងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា។ លោកជំទាវក៏បានផ្តល់គំនិតសំខាន់ៗដល់ក្លឹបយុវជនទាំងអស់ សម្រាប់ការដាក់ចេញនូវផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត ដូចជាការចុះបំពេញសកម្មភាពជួយដល់ប្រជាជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាជាដើម។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ពិត ចំណាន ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ក្លឹបយុវជនកាកបាទក្រហកម្ពុជាទាំង២៥ គ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ដូចជា៖ ១- សូម ឯកឧត្តម លោកជំទាវ ឧកញ៉ា ប្រធានកិត្តិយស នៃក្លឹបយុវជន កាកបាទក្រហមកម្ពុជាទាំង២៥ គ្រឹះស្ថានឧត្តមសិក្សាគាំទ្រផ្នែកធនធាន និងថវិកា ឱ្យចលនាយុវជន កាកបាទក្រហមកម្ពុជាដើរតួនាទីចម្បងចូលរួមបរិច្ចាគឈាម សកម្មភាពមិត្តជួយមិត្ត និងបង្ហាញអំពីឯកសណ្ឋានក្នុងមុខនាទីបុព្វហេតុមនុស្សធម៌។ ២- សូមលើកសរសើរ និងជំរុញលើកទឹកចិត្តសមាជិក-សមាជិកាក្លឹបយុវជន និងជនបង្គោលការងារ យុវជនកាកបាទក្រហមកម្ពុជា ធ្វើតាមលទ្ធភាពចូលរួមគាំទ្រទៅដល់គ្រួសារភៀសសឹក។ ៣- ផ្តើមពីចំណុចឯកភាពរបស់ក្លឹបយុវជនកាកបាទក្រហមថ្នាក់កណ្តាល និងគ្រឹះស្ថានសម្របសម្រួលការផ្តល់គុណតម្លៃ ការឧបត្ថម្ភគាំទ្រធនធាន/ថវិកា និងការបំពេញបង្រ្គប់ឱ្យគ្នាទៅវិញទៅមកសម្រាប់ផែនការសកម្មភាពបន្តដែលដាក់ចេញដោយទីស្នាក់ការកណ្តាល និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា។ ៤- ពង្រឹងបណ្តាញក្លឹបយុវជន គិតអំពីគុណភាព ជាជាងបរិមាណ និងមានសកម្មភាពដើរស្របតាមវិស័យអាទិភាពការងាររបស់កាកបាទក្រហម។ ៥- ក្លឹបយុវជនកាកបាទក្រហមកម្ពុជាត្រូវក្តាប់ឱ្យបាននូវយុវជន និស្សិត បុគ្គលិក សាស្រ្តាចារ្យ ដែលជួបបញ្ហាខ្វះខាតខ្លាំង មានជំងឺ ខ្វះលទ្ធភាព ខ្វះខាតក្នុងការសិក្សា ក្លឹបយុវជនត្រូវចេះនឹងហ៊ានរាយការណ៍ជូនគ្រឹះស្ថានសិក្សា ដើម្បីការជួយឧបត្ថម្ភគាំទ្រនានាទៅមិត្តក្នុងគ្រឹះស្ថានសិក្សា សាស្រ្តាចារ្យ កុំចាំបណ្តាញសារព័ត៌មានចេញផ្សាយ ទើបយើងស្វះស្វែងរកជំនួយជួយ។ ៦- ត្រៀមលក្ខណៈសម្បត្តិទទួលរៀបចំពិធីជួបសំណេះសំណាលរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហម ជួបប្រធានកិត្តិយស ទីប្រឹក្សា សមាជិក សមាជិកា យុវជនកាកបាទក្រហម នៅគ្រឹះស្ថានឧត្តមសិក្សាផ្ទាល់៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





