បេក្ខជនភៀសសឹកចំនួន ៦នាក់ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ត្រូវបានអនុញ្ញាតឱ្យប្តូរទីតាំង ទៅប្រឡងនៅរាជធានីភ្នំពេញ បាត់ដំបង ពោធិ៍សាត់ និងខេត្ដកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
ក្រោយពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡាបានប្រជុំពិនិត្យ និងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ព្រមទាំងបាន កំណត់គោលការណ៍មួយចំនួន សម្រាប់បេក្ខជនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងចូលរួមប្រឡងនៅ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដូចនឹងបេក្ខជនរាជធានី ខេត្តដទៃទៀត ហើយចំពោះបេក្ខជនភៀសសឹកចំនួន ៦នាក់ ក្នុងនោះបេក្ខជនខេត្តព្រះវិហារ ៤ នាក់ និងខេត្តឧត្តរមានជ័យ ២នាក់ ត្រូវបាន អនុញ្ញាតឱ្យប្តូរទីតាំង ទៅប្រឡងនៅរាជធានីភ្នំពេញ ២នាក់ បាត់ដំបង ១នាក់ ពោធិ៍សាត់ ២នាក់ និងកំពង់ស្ពឺ ១នាក់។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា សម្រាប់បេក្ខជនខេត្តព្រះវិហារ នឹងត្រូវរៀបចំឱ្យប្រឡងនៅតាមមណ្ឌលប្រឡងក្នុងខេត្តព្រះវិហារដដែល ហើយសាលារៀន ចំនួន ៤ នឹងត្រូវប្រើប្រាស់ជាមណ្ឌលប្រឡង រួមមាន ១. សាលាគរុកោសល្យនិងវិក្រឹតការ ខេត្តព្រះវិហារ មាន ១២ បន្ទប់, ២. វិទ្យាល័យចំណេះទូទៅនឹងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ ២៤ បន្ទប់ ៣. អនុវិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ ២០ បន្ទប់ និង៤. សាលាបឋមសិក្សា ត្បែងមានជ័យ ២១ បន្ទប់។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំបានបន្ដថា ចំពោះទីតាំងចំនួន ៦ កន្លែង ដែលស្ថិតក្នុងក្រុងព្រះវិហារ និងជិតមណ្ឌលប្រឡង ត្រូវបានយកធ្វើជាកន្លែងសម្រាប់បេក្ខជនស្នាក់នៅ រួមមាន ១. ផ្ទះសំណាក់គ្រូបង្រៀន ២. សាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ក្រុងព្រះវិហារ ៣. សាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៤. ស្នាក់ការ ស.ស.យ.ក.ខេត្ត ៥. សាលា គរុកោសល្យ និងវិក្រឹតការខេត្ត និង ៦. សាលាបឋមសិក្សាស្ថាពរ។
ជាមួយគ្នានេះដែរ ចំពោះបេក្ខជនខេត្តឧត្តរមានជ័យ នឹងត្រូវរៀបចំឱ្យប្រប្រឡងនៅក្នុង ស្រុកពួក ខេត្តសៀមរាប ដែលមានសាលារៀនចំនួន ២ ក្នុងស្រុកពួក ខេត្តសៀមរាប នឹងត្រូវប្រើប្រាស់ជាទីតាំងប្រឡង រួមមាន ១. សាលាបឋមសិក្សា ទៀបាញ់គំរូ មានចំនួន ១៣បន្ទប់, ២. វិទ្យាល័យចំរណះទូទៅ និងបច្ចេកទេសពួក មានចំនួន ៦០ បន្ទប់ ចែកចេញជាពីរ មណ្ឌល (លិច នឹងកើត)។ ទន្ទឹមនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងសម្របសម្រួល និងរ៉ាប់រងការដឹកជញ្ជូនបេក្ខជនពីរខេត្តឧត្តរមានជ័យ មកប្រឡង និងស្នាក់នៅក្នុងស្រុកពួក ខេត្តសៀមរាប។
ដោយឡែក សម្រាប់សាលាបឋមសិក្សាចំនួន ៤ (សាលាបឋមសិក្សានរោត្តមរណឫទ្ធិ សាលាបឋមសិក្សាចំបក់ហែ សាលា បឋមសិក្សាតាទក និងសាលាបឋមសិក្សាពួក) នឹងត្រូវរៀបចំជាកន្លែងស្នាក់នៅសម្រាប់បេក្ខជន ដែលមិនមានលទ្ធភាព។
សូមជម្រាបជូនថា មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕
ដោយ៖ រិទ្ធី





