ឯកឧត្តម ខៀវ ចាន់រ៉ា៖ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំបង្កើតការងារ និងឱកាសវិនិយោគកាន់តែច្រើន
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្តម ខៀវ ចាន់រ៉ា អគ្គលេខាធិការរងក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលយ៉ាងកក់ក្តៅជាមួយបងប្អូនប្រជាពលករខ្មែរជាង ១៥០ នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ ដោយពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ដោយមានការអមដំណើរពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលជាគោលដៅចម្បងនៃចលនាវិលត្រឡប់របស់ពលករ។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ ចាន់រ៉ា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់របស់បងប្អូនទាំងអស់ដែលបាន សម្រេចចិត្តវិលត្រឡប់មកវិញ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងបានលើកទឹកចិត្តឱ្យបងប្អូនពិចារណាស្វែងរកការងារក្នុងស្រុក ខណៈដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំបង្កើតការងារ និងឱកាសវិនិយោគកាន់តែច្រើន។ ការងារនៅស្រុកកំណើតផ្តល់នូវសុវត្ថិភាពខ្ពស់ ទាំងផ្នែកច្បាប់ ការងារ និងសុខុមាលភាពផ្ទាល់ខ្លួន។ ជាមួយនោះឯកឧត្តមបានអំពាវនាវឱ្យពលករចៀសវាងការធ្វើចំណាកស្រុកដោយគ្មានឯកសារ ឬខុសច្បាប់ ដែលប្រឈមនឹងហានិភ័យខ្ពស់ ដូចជាការកេងប្រវ័ញ្ច និងការរំលោភបំពាននានា។

ក្នុងនាមអភិបាលខេត្តបន្ទាយមានជ័យ លោក យឹម សំណាង អភិបាលរងខេត្ត បានថ្លែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់ពលករវិលត្រឡប់។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់នានា។ រដ្ឋបាលខេត្តបានត្រៀមរៀបចំផ្តល់ព័ត៌មានអំពីឱកាសការងារក្នុងខេត្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់បងប្អូនពលករ ដើម្បីឱ្យពួកគេមានលទ្ធភាពរកប្រាក់ចំណូលសមរម្យ។

ទន្ទឹមនោះដែរ លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា សម្រាប់ក្មួយៗ ឬយុវជនដែលវិលត្រឡប់ រដ្ឋបាលខេត្តនឹងជួយសម្របសម្រួលក្នុងការបន្តការសិក្សា ឬការទទួលយកការបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនពលករមួយចំនួនបានបង្ហាញពីចំណាប់អារម្មណ៍ និងកង្វល់របស់ពួកគេដោយផ្ទាល់ ក្នុងនោះអ្នកស្រី គឹម សុខា អាយុ៤០ឆ្នាំ មកពីស្រុកមង្គលបូរី បានឱ្យដឹងថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានត្រឡប់មកផ្ទះវិញ ខ្ញុំនឹកកូនៗខ្លាំងណាស់។ ការងារនៅទីនោះលំបាក និងប្រឈមមុខច្រើន។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងជួយរកការងារឲ្យពួកយើងធ្វើនៅក្នុងស្រុក ដើម្បីឲ្យយើងបាននៅក្បែរគ្រួសារ»។

លោក សំរិទ្ធ វណ្ណៈ អាយុ ២៧ ឆ្នាំ មកពីក្រុងសិរីសោភ័ណ បានថ្លែងថា «ខ្ញុំវិលត្រឡប់មកវិញដោយគ្មានលុយកាក់ជាប់ខ្លួនច្រើនទេ ប៉ុន្តែខ្ញុំមានសេចក្តីសង្ឃឹមថា ខ្ញុំនឹងរកបានការងារសមរម្យនៅទីនេះ។ ខ្ញុំគិតថា ប្រសិនបើយើងមានជំនាញច្បាស់លាស់ ការងារនឹងមិនមែនជាបញ្ហាធំពេកទេ»។
សូមជម្រាបថាពិធីសំណេះសំណាលនេះ មិនត្រឹមតែជាការជួបជុំគ្នាធម្មតានោះទេ តែជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ វាជាជំហានមួយដ៏សំខាន់ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ជីវភាពប្រជាពលករ និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍៕
ដោយ ឈុន សារ៉ាត





