អភិបាលខេត្តតាកែវចុះប្រគល់បណ្ណសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋនៅឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- នៅក្នុងបរិវេណសាលាឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បានរៀបចំពិធីចែកបណ្ណសម្គាល់អចលនវត្ថុចំនួន១៤០៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋមកពីភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងខេត្តតាកែវ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកគិរីវង់ និងបងប្អូនប្រជាពលរដ្ឋ មកទទួលបណ្ណកម្មសិទ្ធិដីធ្លីចូលរួមជាច្រើនរូបផងដែរ។


មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្ត ជាពិសេសមន្ត្រីជំនាញសុរិយោដីខេត្ត ក្នុងការចុះវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានភាពកក់ក្ដៅលើការគ្រប់គ្រងដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ យកទៅប្រើប្រាស់លើការប្រកបអាជីវកម្មផ្សេងៗ តាមតម្រូវការចាំបាច់ឬក៏អាចធ្វើប្រទានកម្ម ដល់កូនចៅរបស់ពួកគាត់បន្តផងដែរ។ ការផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីនេះក៏ជួយកាត់បន្ថយជម្លោះ រឿងដីធ្លីបានមួយកម្រិតថែមទៀតផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានប្លង់រឹងនៅថ្ងៃនេះ ត្រូវថែរក្សាការពារឱ្យបានល្អ ព្រោះថាវាធានាបាននូវភាពកក់ក្ដៅ សុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងជៀសវាងនូវការរំលោភបំពានលើដីធ្លីរបស់បងប្អូន។


ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា បណ្ណកម្មសិទ្ធិនេះជាឯកសារដ៏មានសារៈសំខាន់ ជាឯកសារតំណាងឱ្យទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ជាឯកសារតំណាងឱ្យកម្មសិទ្ធិផ្ដាច់មុខរបស់បងប្អូន ហើយបញ្ចៀសនូវជម្លោះផ្នែកដីធ្លីថែមទៀតផង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងយកបណ្ណកម្មសិទ្ធិទៅដាក់បញ្ចាំ នៅធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់មកបង្កើនមុខរបររបស់ខ្លួន ជៀសវាងមានបញ្ហានៅពេលសងប្រាក់ត្រឡប់ទៅវិញ៕
ដោយ អ៊ុច សៀង





