កម្មវិធី CaPFish Aquaculture រៀបចំ វគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសម៉ូលេគុលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺត្រី
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- ក្រុមការងារកម្មវិធីខាបហ្វីស អាក្វ័រខាល់ឆ័រ CaPFish Aquaculture បានរៀបចំ “វគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសម៉ូលេគុលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺត្រី” រយៈពេល ៤ ថ្ងៃ នៅមជ្ឈមណ្ឌលស្រាវជ្រាវ MARDeC ក្នុងខេត្តព្រះសីហនុ ។នេះបើតាមការឱ្យដឹងពីកម្មវិធី CaPFish Aquaculture នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការផ្តល់ជំនាញឯកទេសដល់សិក្ខាកាមទាំងអស់ ដើម្បីរកឃើញ និងធ្វើរោគវិនិច្ឆ័យជំងឺត្រីឱ្យបានឆាប់រហ័ស ផ្តល់ដំណោះស្រាយត្រឹមត្រូវក្នុងការព្យាបាលត្រីសម្រាប់កសិករ ចៀសវាងការប្រើថ្នាំពេទ្យមិនចាំបាច់ដែលជួយដល់ការសន្សំសំចៃ ការពារបរិស្ថាន និងធានាសុវត្ថិភាពអាហារសម្រាប់អ្នកប្រើប្រាស់។ នេះគឺជាជំហានដ៏សំខាន់មួយដើម្បីបំពាក់បំប៉នដល់សិក្ខាកាមឱ្យទទួលបានជំនាញកម្រិតខ្ពស់ក្នុង ការពិនិត្យរកឃើញ និងធ្វើរោគវិនិច្ឆ័យជំងឺត្រីនៅដំណាក់កាលដំបូង ការផ្តល់ជូនកសិករនូវដំណោះស្រាយសមស្របសម្រាប់ព្យាបាលជំងឺត្រី ការកាត់បន្ថយការប្រើប្រាស់ឱសថដែលមិនចាំបាច់ ដែលអាចជួយសន្សំសំចៃការចំណាយ ការពារបរិស្ថាន និងធានាសុវត្ថិភាពចំណីអាហារសម្រាប់មនុស្សគ្រប់គ្នា។ សិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលទាំងនេះ នឹងក្លាយជាផ្នែកមួយនៃក្រុមអ្នកជំនាញបង្គោលរបស់ប្រទេសកម្ពុជាផ្នែកពិនិត្យព្យាបាលជំងឺត្រី ហើយពួកគេនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារតាមខេត្ត ដើម្បីជួយគាំទ្រដល់កសិករនៅទូទាំងប្រទេស។


វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយវេជ្ជបណ្ឌិត Partho Pratim Debnath អ្នកជំនាញផ្នែកជំងឺត្រីដែលមានបទពិសោធន៍ជាង២០ឆ្នាំមកពីប្រទេសបង់ក្លាដេស។ វគ្គបណ្តុះបណ្តាលនេះទទួលបានការចូលរួមពីសិក្ខាកាមជាមន្រ្តីបង្គោលមកពីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម (DAD) មជ្ឈមណ្ឌលស្រាវជ្រាវ FARDeC, NARDI និង MARDeC។ វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពីសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (PNIA) រួមជាមួយបុគ្គលិកនៃវិស័យឯកជន និងនិស្សិតផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ CaPFish Aquaculture)





