កិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសលើថ្នាលអភិវឌ្ឍន៍សមត្ថភាព
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអប់រំពិភពលោក គាំទ្រថវិកាដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ បានរៀបចំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសលើថ្នាលអភិវឌ្ឍន៍សមត្ថភាព ដោយមានការចូលរួមពីក្រុមការងារសម្របសម្រួលបច្ចេកទេសថ្នាលអភិវឌ្ឍន៍សមត្ថភាពមកពីនាយកដ្ឋានពាក់ព័ន្ធ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ តំណាងអង្គការអប់រំពិភពលោក និងអង្គការ UNICEF ក្នុងគោលបំណងពិគ្រោះយោបល់ប្រមូលធាតុចូលពីក្រុមការងារសម្របសម្រួលថ្នាលអភិវឌ្ឍន៍សមត្ថភាពនូវចំណុចដូចជា៖ ១. ពិនិត្យ ពិគ្រោះយោបល់ និងផ្ដល់ធាតុចូលលើសេចក្ដីពង្រាងយុទ្ធសាស្ត្រអភិបាលកិច្ចថ្នាលអភិវឌ្ឍន៍សមត្ថភាព ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងថ្នាលអភិវឌ្ឍន៍សមត្ថភាពប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ២. ពិគ្រោះយោបល់ និងផ្ដល់ធាតុចូលរួមលើការរៀបចំផែនការសកម្មភាពរយៈពេលខ្លី និងរយៈពេលវែងសម្រាប់គ្រប់គ្រង និងដំណើរការថ្នាលអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែប្រសើរទ្បើង ដើម្បីធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្រិតសាលារៀន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។

ថ្នាលអភិវឌ្ឍន៍សមត្ថភាព cdp.moeys.gov.kh ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំរបស់គ្រូបង្រៀន និងបុគ្គលិកអប់រំនៅកម្ពុជាដែលមានភាពបត់បែនទៅតាមប្រភេទឧបករណ៍ ផ្ដល់នូវវគ្គសិក្សាសម្បូរបែប និងមានភាពទាក់ទាញ ងាយស្រួលក្នុងការសិក្សា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





