ឯកឧត្ដម គួច ចំរើន អញ្ជើញសួរសុខទុក្ខម្ដាយវីរកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី នៅមន្ទីរពេទ្យតេជោ សែនកោះធំ
AKP កណ្ដាល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខម្ដាយវីរកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងឱកាសសួរសុខទុក្ខ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។

លោកយាយ ស ណែត អាយុ៦៩ឆ្នាំ ត្រូវជាម្ដាយលោក ហ៊ាង វាសនា បម្រើការនៅអនុសេនាតូច ៤៤៤ ជាវីរកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី ដែលត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកមកមើលម្ដាយកំពង់មានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុង ភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ ឯកឧត្ដម គួច ចំរើន បាននាំមកនូវអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលជូនដល់លោកយាយ ស ណែត នូវ ផ្លែឈើ ១កន្ត្រក ទឹកដោះគោ ១កេស ទឹកត្រចៀកកាំ ២យួរ និងថវិកា ១០លានរៀល ក្នុងនោះដែរឯកឧត្តមក៏បានឧបត្ថម្ភដល់ លោក ហ៊ាង វាសនា វីរៈកងទ័ពជួរមុខននូវថវិកា ៥លានរៀល ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





