កម្ពុជា រំពឹងថានឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីឱ្យបានច្រើនមកកាន់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥--កម្ពុជា រំពឹងថានឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីឱ្យបានច្រើនមកកាន់កម្ពុជា ជាពិសេសលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ (Halal Food)។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥។

ជំនួបនាព្រឹកនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយជាកិច្ចចាប់ផ្តើម ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីមានឱកាសបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពជាផ្លូវការកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពរវាងប្រទេសជិតខាង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក្នុងនាមប្រទេសម៉ាឡេស៊ី បានបង្ហាញពីគាំទ្រចំពោះបេសកកម្មដោយសន្តិវិធី ប្រកបដោយការគោរពគ្នាទៅវិញទៅមក ក្នុងដោះស្រាយបញ្ហាពាក់ព័ន្ធនានា។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលមានឯកឧត្តម Anwar Ibrahim ជានាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ដែលបានជួយសម្របសម្រួលក្នុងកាលៈទេសៈដែលកម្ពុជា និងថៃ មានការប្រឈមដាក់គ្នាលើបញ្ហាព្រំដែន។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវគាំទ្រចំពោះលទ្ធផលដែលសម្រេចបានតាមរយៈកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ផងដែរ។

តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានធ្វើការជជែកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នា ពិសេសលើការពង្រឹងទំនាក់ទំនងទ្វេរភាគី ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយរំពឹងថានឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីឱ្យបានច្រើនមកកាន់កម្ពុជា ជាពិសេសលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ (Halal Food)។
គួររម្លឹកផងដែរថា៖ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានវិនិយោគដំបូងៗគេបង្អស់នៅកម្ពុជា (ចាប់តាំងពីខែមេសា ឆ្នាំ១៩៩៤) រួមទាំងគម្រោងធំៗ ដូចជាស្រាបៀរអង្គរ និងរោងចក្រផលិតអគ្គិសនី៕
ដោយ៖ ចរិយា ប្រភព៖ CDC





