ខួបលើកទី ៨០ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ដោយពេញចិត្ត ចំពោះការប្តេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥--ក្នុងឱកាសអបអរសាទរខួបលើកទី ៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់ដោយពេញចិត្ត ចំពោះការប្តេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យគន្លឹះមួយ ចំនួនរួមមាន៖ ការពារជាតិ និងសន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ។

ក្នុងពីធីជប់លៀងអបអរសាទរខួបលើកទី ៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងនាមអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងប្រជាជនកម្ពុជា មានសេចក្តីរីករាយជាអនេកដែលបានមកចូលរួម ពិធីជប់លៀងអបអរសាទរខួបអនុស្សាវវីយ៍លើកទី ៨០ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥)។ ខណៈដែលទិវាឯករាជ្យថ្ងៃទី០២ ខែកញ្ញា ជិតមកដល់ ប្រជាជនវៀតណាមមានអារម្មណ៍រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមជាមួយនឹងការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ សម្ដេចតេជោ ក៏បានអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើនសេដ្ឋកិច្ចជាង ៧% ក្នុងឆ្នាំ ២០២៤។

សម្ដេចតេជោប្រធានព្រឹទ្ធសភាជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមាន ឯកឧត្តម តូ ឡឺម អគ្គលេខាធិការជាប្រមុខដឹកនាំ រដ្ឋាភិបាល និង ប្រជាជនវៀតណាម នឹងសម្រេចបានទិសដៅសហស្សវត្សរ៍ចំនួនពីរ ដែលក្នុងនោះរួមាន ទី១. ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និង មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃ ការបង្កើតបក្សកុម្មុយនីស្តវៀតណាម និងទី២. ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និង មានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក៏ដូចជា ការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅលើឆាកតំបន់ និង អន្តរជាតិ ។

សម្ដេចតេជោប្រធានព្រឹទ្ធសភាគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ប្រទេសយើងទាំងពីរដែលបាន និង កំពុងរីកចម្រើនលើគ្រប់វិស័យ និង គ្រប់កម្រិត ដោយឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង»។ សម្ដេចតេជោក៏បានរម្លឹកផងដែរថា ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតរបស់ប្រទេសយើងទាំងពីរជា ផ្លូវការនៅឆ្នាំ១៩៦៧ ប្រជាជនកម្ពុជា និង ប្រជាជនវៀតណាម រក្សាបានទំនាក់ ទំនងមិត្តភាពកក់ក្តៅ និង ភាពជាដៃគូដ៏ល្អប្រសើរ ។ ចំណងមិត្តភាពជា ប្រពៃណីនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និង រដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន។ សម្ដេចតេជោបានបន្ដទៀតថា ស្របពេលដែលទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរបស់យើងមានការរីកចម្រើនជាលំដាប់ យើងនៅតែចងចាំជានិច្ច នូវការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងអតីតកាល គឺក្នុងគ្រាដែលប្រជាជនកម្ពុជា បានលះបង់ និងគាំទ្រវៀតណាមក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដីនិងឯករាជ្យរបស់វៀតណាម និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និងជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែល គ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ ។
ក្នុងឱកាសនោះ សម្ដេចតេជោបានបន្ថែមថា ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើង ឈរលើ មូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែក យ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និង វិបុលភាពនៅក្នុតំបន់៕

ដោយ៖ ជឹម ណារី





